DEV Community

Danh Hong
Danh Hong

Posted on

ហែម-ចៀវ វីរបុរសជាតិ

ឯកសារប្រវត្តិសាស្ត្រ

ព្រះពោធិវ័ង្ស សូរ-ហាយ

រៀបរៀងនិងពិនិត្យដោយ គង់-សម្ភារ

ការផ្សាយរបស់សារពត៌មានអង្គរបូរី

ព.ស.២៥៤៨


សូមឧទ្ទិសចំពោះ

វីរបុរសខ្មែរទាំងអស់ ដែលបូជាជីវិតដើម្បីជាតិ សាសនា ឲ្យមានសេរីភាពឡើងវិញ!

ព្រះសង្ឃដែលទ្រង់សីល ដល់មិត្តយុទ្ធជនដែលការពារសាធារណរដ្ឋខ្មែរ និងមិត្តទុគ៌តទាំងឡាយ...

រៀបរៀងតាមឯកសាររបស់លោក ប៉ែន-យុត្តិ ចាងហ្វាងសារពត៌មានប្រជាជាតិ

តាមថេរដិកាព្រះសង្ឃចាស់ៗជាច្រើនអង្គ, លោក ប៊ុណ្ណ-ចន្ទម៉ុល, លោក ឈឹម-ស៊ុម អតីតសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ដែលបានរួមបាតុកម្មតវ៉ាឲ្យបារាំងលែងអាចារ្យ ហែម-ចៀវ មកវិញ។


អារម្ភកថាបោះពុម្ពគ្រាទី៣

មិត្តអ្នកអានជាទីមេត្រី,

នៅពេលបោះពុម្ពលើកទី៣នេះ ខ្ញុំបាទបានយកទៅប្រគេនព្រះពោធិវ័ង្ស សូរ-ហាយ ពិនិត្យនិងបន្ថែមខ្លះដែលខ្វះខាត ដើម្បីឲ្យឯកសារវីរបុរសជាតិមានភាពត្រឹមត្រូវឡើង។

ព្រះពោធិវ័ង្ស សូរ-ហាយ ថ្វីបើជាប់កិច្ចការដ៏ច្រើនក៏ដោយ ព្រះអង្គពេញហឫទ័យជួយពិនិត្យសៀវភៅនេះ យ៉ាងរីករាយជាទីបំផុត។

ព្រះអង្គមានថេរដីកាមកកាន់ខ្ញុំថា «លោកសរសេរល្អគួរសមហើយ តែមានខុសខ្លះ អាត្មាបានមើលម្ដងហើយ។ សូមលោកខិតខំស្រាវជ្រាវប្រវត្តិវីរបុរសជាតិទៀតចុះ ចាំអាត្មាជួយពិនិត្យបើអាត្មាមានលទ្ធភាព...»

ព្រះថេរដីកានេះធ្វើឲ្យចិត្តខ្ញុំភើបពេកក្រៃ ស្រមៃនឹកឃើញដល់ជនខ្លះដែលតែងតែដើរពេបជ្រាយដល់ស្នាដៃដ៏មានខ្លឹមសារនេះ។

ខ្ញុំស្តាយណាស់ ស្តាយដោយជនទាំងនោះមិនព្រមផ្ញើសេចក្តីកែតម្រូវឬរិះគន់តាមបែបអ្នកចេះ គេលេងតែស្នៀតពាលសាមញ្ញលួចប្លន់ខ្ញុំទៅវិញ។

សូមមិត្តអ្នកអានយកពិចារណាមើលផងចុះ! តើប៉ុន្មានសតវត្សរ៍ទៀតទើបគេបោះបង់គំនិតអប្រិយនេះចោល?

ណ្ហើយខ្ជិលគិត យើងគិតតែវីរបុរសអាចារ្យ ហែម-ចៀវ ដែលជានិមិត្តរូបនៃវីរបុរសខ្មែរទាំងអស់បានហើយ។

ខ្ញុំមានចិត្តរំភើបពន់ពេកណាស់ នៅពេលដែលរដ្ឋាភិបាលលើកឋានៈលោកជាវីរបុរសជាតិទី១ នៃសម័យអាណានិគមបារាំង ថ្វីបើខ្លួនខ្ញុំបានប្រគេនឋានៈនេះដល់ព្រះអាចារ្យមុនក៏ដោយ។

ខ្ញុំមានជំនឿយ៉ាងមាំថា ជនណាក៏ដោយឲ្យតែចេះដឹងនឹកគុណូបការនៃបុព្វបុរស មុខជាមិនសាបសូន្យឡើយ។

អវសាន ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យសូមបារមីញ្រាញព្រលឹងខ្មែរណា ដែលកំពុងវង្វេងដោយតណ្ហាក្ដី ទ្រព្យសម្បត្តិក្ដី វិជ្ជាក្ដី ឲ្យវិលមកក្នុងសង្គមខ្មែរភ្ញាក់រលឹកតែមួយវិញ ដើម្បីកសាងប្រទេសតាមមាគ៌ាវីរបុរស ក្រឡាហោមគង់, អាចារ្យហែម-ចៀវ, អៀវ-កើស ។ល។ ឡើងវិញ។

សូមបងប្អូនរួមឈាមដែលកំពុងរងទុក្ខវេទនាដោយសារសង្គ្រាមគ្រប់បែបយ៉ាង ឲ្យបានជួបតែសុខៈតរៀងទៅ។

ភ្នំពេញ ថ្ងៃទី ១០ កក្កដា ១៩៧២

អ្នករៀបរៀង

ជម្រាបអ្នកអាន!

ពេលនេះក៏ដូចជាពេលមុនដែរ,

ប្រទេសខ្មែរយើងត្រូវពួកអាណានិគមបារាំងសេស ជិះជាន់ត្រួតត្រាមួយសតវត្ស គឺពីឆ្នាំ១៨៦៣មកដល់១៩៥៣ ទើបមហាជនយើងរលាស់នឹមដ៏ចង្រៃនេះចោលចេញបាន។

តើខ្មែរយើងសុខចិត្តដេកឲ្យបារាំងត្រួតត្រាទាំងអស់គ្នាដោយគ្មានការតស៊ូប្រយុទ្ធតបវិញឬ?

យើងបានដឹងមកហើយតាមរយៈសៀវភៅ «បណ្ដាំក្រឡាហោមគង់» ថាខ្មែរយើងមិនមែនធ្មេចភ្នែកឲ្យបរទេសសង្កត់សង្កិនទៅតាមអំពើចិត្តទេ គឺមានតែស្ដេចខ្លះនិងមន្ត្រីខ្លះទេ ដែលច្រើនតែជឿគោរពឱនក្បាលឲ្យបារាំងជាន់ ដើម្បីឲ្យខ្លួនគេបាននៅហុតឈាមប្រជារាស្ត្រខ្មែរតទៅទៀត។

ទឹកភ្នែកដែលស្រក់អំពីការប្រមូលចងក្រង ប្រវត្តិនិងសកម្មភាពនៃវីរបុរសខ្មែរ គឺជាសក្ខីភាពរបស់យុវជនស្រោចស្រង់ជាតិ ដែលកំពុងប្រយុទ្ធគ្រប់បែបប្រឆាំងនឹងពួកយៀកកុង, មន្ត្រីធំៗស្អួយរលួយ និងរំលឹកឡើងវិញនូវអតីតកាលដ៏ឈឺចាប់ចុកឈាម។

គ.ស.១៨៦៤ ប្រទេសខ្មែរត្រូវធ្វើសន្ធិសញ្ញាជាមួយប្រទេសបារាំង ដោយយកគេជាអាណាព្យាបាល។

លុះមកដល់ឆ្នាំ១៨៨៤ ខ្មែរត្រូវធ្លាក់ក្នុងអនុសញ្ញារបស់បារាំងសេស ដែលមានស្ដេចនរោត្តម ជាអ្នកចុះហត្ថលេខាដាក់ប្រទេសខ្មែរទៅក្រោមអាណានិគមនិយមបារាំងសេស។

ពីឆ្នាំ១៨៦៤មកដល់១៩៤២ វីរបុរសអាចារ្យស្វា, ពោរកំបោរ, អាចារ្យលាក់, ស៊ីវត្ថា, ក្រឡាហោមគង់, ពិស្ណលោកឈូក ព្រមមួយអន្លើដោយប្រជារាស្ត្ររួមផង បានធ្វើការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមយកប្រទេសរបស់ខ្លួនមកវិញ។ តែត្រូវពួកស្ដេចខ្សិបខ្សៀវនឹងបារាំង ឲ្យសម្លាប់វីរបុរសស្នេហាជាតិយើងអស់ជាច្រើន។

ម៉្លោះហើយសេចក្ដីរាងចាលបន្តិចម្ដងៗ ក៏ទៅពួនសម្ងំក្នុងបេះដូងខ្មែរឲ្យភ័យខ្លាចក្រុងមានគ្រោះថ្នាក់បាត់បង់ជីវិតដូចអ្នកមុនៗទៀត។ ការធ្លាក់ចុះនៃប្រទេសបៀបបាននឹងស្លឹកឈើជ្រុះចាកមែក ដោយសារអក្សរសាស្ត្រជាតិត្រូវបារាំងមិនឲ្យកូនខ្មែររៀន គេឲ្យរៀនតែអក្សរសាស្ត្ររបស់គេ ប្រើប្រាស់សម្ភារៈប្រទេសគេចាប់តាំងពីសំលៀកបំពាក់ឡើងទៅ។

ម្លោះហើយខួរក្បាលខ្មែរ ត្រូវវិលវល់លែងមើលឃើញរបស់ខ្លួនជាដាច់ខាត។ ម្នាក់ៗដែលបានធ្វើការរាជការ ឬតែអួតសរសើរភាសាបារាំង ខ្ពើមភាសាជាតិឯង ស្អប់ម៉ែឯងដែលពិសារស្លា ស្លៀកសំពត់ចងក្បិន ស្រឡាញ់ម៉ែគេដែលលាបក្រេម ជក់បារី ស្លៀកសំពត់ខ្វះក្រណាត់ទៅវិញ! ត្រង់ហ្វីងហើយជាមូលហេតុធ្វើឲ្យខ្មែរល្ងង់ខ្លួនហៅលែងឮ! មើលលែងយល់!

ការពិតដែលធ្វើឲ្យប្រជារាស្ត្រចុកឈាមនោះ គឺរឿងអក្សរសាស្ត្រយើងតែម្ដង។

ប្រទេសបានឯករាជ្យជិតម្ភៃឆ្នាំនេះ ខ្មែរយើងពុំទាន់ឃើញកសាងបានអ្វីជាគោលចរិតកសាងសម្រាប់ប្រជាជាតិសោះ ឃើញតែលើកតម្កើងភាសាបារាំងលើសពីបារាំងនៅត្រួតត្រាខ្មែរត្រីភាគ។

បើយើងគិតឲ្យដល់ទៅ មនុស្សធ្លាប់ខ្ញុំគេ គំនិតវានៅតែខ្ញុំគេដដែល មិនព្រមលើកដម្ដើងខ្លួនឯងឲ្យស្មើនឹងជាតិគេសោះ។

ការប្រើភាសាបរទេសជាផ្លូវការដូច្នេះហើយ ធ្វើឲ្យអ្នករដ្ឋការនិងប្រជារាស្ត្រមានភាពដាច់ស្រយាលពីគ្នា។ ដរាបណាមនុស្សទាំងពីរប្រភេទគ្មានភាពជិតស្និទ្ធនឹងគ្នា ដរាបនោះដំណើរកសាងសាធារណរដ្ឋយើង មុខជាមិនបានសម្រេចសុភមង្គលទៀតហើយ។

អាស្រ័យមូលដ្ឋានហ្នឹងហើយ ដែលធ្វើឲ្យបេះដូងព្រះអាចារ្យ ហែម-ចៀវ ខំប្រឹងប្រែងទេសនាពន្យល់ពុទ្ធបរិស័ទល្ងង់ខ្លៅ ក្រីក្រ លង់ស្មារតី ឲ្យក្រោកឈរឡើងកសាងជីវិតដោយខ្លួនឯង កុំដេកផ្សងសំណាងទៅតាមយថាកម្ម។

លោកខិតខំធ្វើការដោយគ្មានគិតពេលវេលានិងជីវិតបង់ ព្រោះលោកពុំអាចរស់នៅក្រោមអំណាចពួកបរទេសកើត។

ដូច្នេះកូនសៀវភៅដ៏តូចនេះ គ្មានបំណងអ្វីក្រៅពីចង់ឲ្យពលរដ្ឋខ្មែរ ដែលមិនទាន់បានស្គាល់លោកគ្រូអាចារ្យ ហែម-ចៀវ ឲ្យស្គាល់តែប៉ុណ្ណោះទេ។

ខ្ញុំសូមគោរពវិញ្ញាណក្ខន្ធ និងអនុវត្តតាមអស់លោកវីរបុរសទាំងអស់ ដោយពេញចិត្តជាទីបំផុត។

មោងឫស្សី ថ្ងៃទី១០ មេសា ១៩៧១

គង់-សម្គារ

សាធារណរដ្ឋប្រជាធិបតេយ្យនិយម


ទឹកចិត្តព្រះអាចារ្យហែម-ចៀវ

ឆ្នាំងបាយលោកសង្ឃគឺនៅនឹងប្រជាជន។

បើប្រជាជនវេទនា, អត់បាយ, ប្រជាជនគ្មានសិទ្ធិសេរីភាព, បើប្រជាជននៅក្នុងឋានៈជាខ្ញុំកញ្ជះគេ លោកសង្ឃក៏ទទួលអំណោយផលអាក្រក់ដែរ។

ដូច្នេះលោកសង្ឃដែលមានភារៈប្រោសសត្វលោក គឺត្រូវស្តីប្រដៅធ្វើឲ្យមនុស្សមានស៊ី មានស្លៀក មានសេរីភាព ក្នុងប្រទេសឯករាជ្យ និងសន្តិភាពដ៏បរិបូរណ៍។

ទឹកភ្នែកប្រជារាស្ត្រ គឺទឹកភ្នែកព្រះសង្ឃ

(ស្រង់ចេញពីសារពត៌មានប្រជាជាតិ)

កថាទីមួយ

ជីវប្រវត្តិនៃលោកគ្រូព្រះបាឡាត់ ហែម-ចៀវ

មុននឹងសិក្សាពីគោលគំនិតនៃវីរបុរសនីមួយៗ ជាបឋមយើងត្រូវសិក្សាអំពីជីវប្រវត្តិសង្ខេបរបស់ពាក្យសិន។ ក្នុងពេលនេះ យើងនាំគ្នាសិក្សាអំពីជីវប្រវត្តិលោកគ្រូអាចារ្យ ហែម-ចៀវ ដែលជាមហាថេរមួយអង្គក្រឡេកឃើញប្រជារាស្ត្រ ទទួលទុក្ខទោសតាមឋានៈខ្លួនជាមនុស្សក្នុងអាណានិគម ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣-១៩៤២) គេបានលើកលោកជាវីរបុរសមួយដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូតមកដល់សព្វថ្ងៃ។

តើលោកបដិសន្និក្នុងត្រកូលបែបណា? ក្នុងទីណា?

លោកគ្រូអាចារ្យ ហែម-ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ព.ស.២៨៨០ គ.ស.១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ) សង្កាត់ដំបូកមានលក្សណ៍ ស្រុកឩដ្ដង្គ ខេត្តកំពង់ស្ពឺ (នៅខាងជើងជិតស្ពានស្ថានិយរថភ្លើងបាត់ដឹង)។

ឪពុកលោកឈ្មោះ ហែម ធ្វើជាមេស្រុកដំបូកមានលក្សណ៍។ ម្ដាយលោកឈ្មោះឩបាសិកា ទីវ ខំប្រឹងប្រែងធ្វើស្រឡះចម្ការដោយឥតខ្លាចហត់នឿយ។ គ្រួសារនេះមានបងប្អូន៨នាក់គឺ ហែម-លី, ហែម-ចៀវ, ហែម-ហួត, នាងហែម-សុច, ហែម-សាយ។ បងប្រុសលោកឈ្មោះ ហែម-លី ធ្វើជាស្មាក្ដី (មេធាវី) ក្រោយមកធ្វើជាមេស្រុកតពីឪពុក។

កាលនៅពីកុមារ លោកបានស្ដាល់នូវសេចក្ដីលំបាកគ្រប់បែបយ៉ាង ដូចជាកូនកសិករក្រីក្រទូទៅដែរ គឺលោកបានឃ្វាលគោ រកអុស ដេញចាប តាមឋានៈនៃកូនកសិករជាមួយឪពុកម្ដាយព្រឹកល្ងាចរហូតដល់អាយុ១២ឆ្នាំ ទើបមេស្រុក ហែម ជាឪពុកនាំយកទៅប្រគេនព្រះសង្ឃសត្ថា ជួន-ណាត វត្តឧណ្ណាលោមក្រុងភ្នំពេញ ដោយហេតុមេស្រុក ហែម និងព្រះគ្រូសង្ឃសត្ថាជាមិត្តភក្តិនឹងគ្នាយ៉ាងជិតស្និទ្ធ។

កុមារ ហែម-ចៀវ ជាក្មេងមានសីលធម៌ល្អប្លែកជាងក្មេងដទៃទៀតៗ មានមាត់ពាក្យរហ័សច្បាស់លាស់ មានសណ្ដាប់ធ្នាប់សមរម្យគួរឲ្យអ្នកផងពេញចិត្ត។ កុមារនេះមានព្យាយាមខ្ជាប់ខ្ជួនល្អណាស់ បានរៀនអក្សរសាស្ត្រក្នុងសំណាក់ព្រះគ្រូសង្ឃសត្ថាតាំងអំពីដំបូង រហូតទាល់តែមើលបាន សរសេរអក្សរកើតដោយបរិបូរណ៌។

កុមារ ហែម-ចៀវ បាននៅសិក្សាអប់រំក្នុងសំណាក់ព្រះគ្រូសង្ឃសត្ថា ជួន-ណាត អស់យូរឆ្នាំដោយបានដើរស្ដាយយាមព្រះគ្រូសង្ឃសត្ថា ដែលត្រូវនិមន្តទៅទេសនាក្នុងស្រុកខេត្តឯទៀតៗជាញឹកញយ។ កុមារ ហែម-ចៀវ បានស្តាប់ធម៌ទេសនារបស់ព្រះគ្រូសង្ឃសត្ថាអស់ច្រើនឆ្នាំ ទើបជាហេតុនាំឲ្យកុមារ ចៀវ មានសេចក្ដីឆ្លៀវឆ្លាស យល់ហេតុផលក្នុងផ្លូវលោកផ្លូវធម៌ជាច្រើនយ៉ាងណាស់ ជាកុមារមានសំដីវោហារព្រោកប្រាជ្ញពូកែជាងកុមារឯទៀតៗទាំងអស់។ កុដិដែលកុមារស្នាក់សិក្សា ស្ថិតនៅខាងក្រោយមហាកុដិសព្វថ្ងៃនេះ។

កុមារ ហែម-ចៀវ ព្យាយាមរៀនសូត្រឥតធ្វេសប្រហែសឬខ្ជិលច្រអូសទេ។ កុមារខំរៀនមិនថាយប់មិនថាថ្ងៃ ព្រោះលោកចាំបណ្ដាំបិតាក្នុងកាលដែលឪពុកនាំយកទៅទុកក្នុងសំណាក់នៃព្រះគ្រូសង្ឃសត្ថាថា៖

  • ចៀវ កូនប្រុសសំឡាញ់ឪពុក! ឪពុកគ្មានអ្វីចែកឲ្យកូនទេ គឺមានតែវិជ្ជានេះហើយដែលឯងអាចយឺតយោងគ្រួសារយើងឲ្យខ្ពង់ខ្ពស់បាន។ មនុស្សល្ងង់គេមើលងាយណាស់កូន! បើកូនចេះឪពុកក៏ចេះដែរ! កូននៅភ្នំពេញខំរៀនឡើង! កុំឈ្លោះប្រកែកគ្នាណា៎! ខុសត្រូវម្ដេចម្ភៃត្រូវចេះអត់ធ្មត់ទើបប្រសើរ ព្រោះយើងជាកូនកំសត់ដើរស្វែងរកវិជ្ជាដូចគ្នា។ ដូច្នេះត្រូវចេះស្រឡាញ់គ្នា ទើបអ្នកផងសរសើរ ចូរកូនចាំសុភាសិតបុរាណមួយឃ្លាថា «នៅផ្ទះម្ដាយទីទៃ ទៅព្រៃម្ដាយជាមួយ»។ លោកគ្រូព្រះសង្ឃសត្ថាអង្គនេះ ជាអ្នកប្រាជ្ញជ្រៅជ្រះ បានជាអញនាំកូនឯងមកឲ្យនៅនឹងលោក ត្រូវកូនឯងខំរៀនសូត្រយកចិត្តទុកដាក់ឲ្យមែនទែន។

  • បាទលោកឪពុក! កូននឹងគោរពតាមសំដីពុកលុះថ្លៃស្លាប់! សូមពុកកុំព្រួយបារម្ភឲ្យសោះ!

  • ល្អហើយកូនប្រុសឪពុក! ឯងជាតំណឈាមរបស់អញហើយ... អញសង្ឃឹមលើឯងគ្រប់ដប់!

ពាក្យនេះធ្វើឲ្យកុមារ ចៀវ ចងចាំទុកក្នុងបេះដូងឥតមានថ្ងៃភ្លេច។ កុមារស្រឡាញ់គោរពតាមឱវាទមាតាបិតាណាស់ មិនដែលធ្វើឲ្យអ្នកមានគុណព្រួយចិត្តម្ភងណាឡើយ។

កថាទីពីរ

សាងផ្ទះ

វ័យ១៦ឆ្នាំក៏ចូលមកដល់ លោកមេស្រុកហែមនិងភរិយាបានជំនុំគ្នា អំពីការបំបួសកូនជាសាមណេរ ហើយមូលមតិថាត្រូវបំបួសនៅវត្តឧណ្ណាលោម ហើយឲ្យគង់សំណាក់សិក្សាបរិបត្តិធម៌នៅវត្តឧណ្ណាលោមដដែល។ លុះបួសរួចហើយ សាមណេរចៀវទន្ទេញមេសូត្រ (មូលវេយ្យាករណ៍បាលី) ចាំយ៉ាងស្អាត់ជំនាញ។

ថ្ងៃខែចេះតែកន្លងជាលំដាប់...

សាមណេរ ហែម-ចៀវ អាយុបាន២០ឆ្នាំ ក៏បំពេញឧបសម្បទា ជាភិក្ខុភាវៈក្នុងពុទ្ធសីមានៅវត្តលង្កា ដែលមានព្រះមហាវិមលធម្ម ថោង (ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាឧបជ្ឈាយ មានព្រះគ្រូបវរវិជ្ជា ល្វី-ឯម និងព្រះគ្រូសង្ឃសត្ថា ៣ត ជាគ្រូសូត្រ។ នៅពេលបំពេញជាភិក្ខុហើយ លោកក៏បានប្រឡូវរៀនសាលាបាលីជាន់ខ្ពស់ជាប់ដូចចិត្តប្រាថ្នា។

ការសិក្សាចំនួន៧ឆ្នាំនៅសាលាបាលីជាន់ខ្ពស់ ធ្វើឲ្យលោកចេះដឹងផ្លូវលោក ផ្លូវធម៌ ល្មមប្រើការបានដោយពេញបរិបូរណ៌ក្នុងផ្លូវព្រះពុទ្ធសាសនា។ លោកជាសិស្សសំណប់មួយរូប នៃព្រះគ្រូសង្ឃសត្ថា ជួន-ណាត ដែលលោកស្រឡាញ់ជាងគេ ដោយភិក្ខុហែម-ចៀវជាបព្វជិត ឈ្លាសវៃរហ័សរហួន ចេះគួរសមទៅតាមឋានៈជាមនុស្សដូចគ្នា។ លុះគំរប់ឆ្នាំទី៧ លោកបានប្រឡងយកសញ្ញាបត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ជាប់លេខ៦ ខាងភាសាបាលីដែលសម័យនោះ ខ្មែរយើងកំពុងរាប់អានណាស់។

នៅពេលប្រឡងចេញពីសាលាបាលីហើយ ក្នុងឆ្នាំ១៩២៧ កាលណោះលោករ៉េស្យម ជាតិបារាំង ធ្វើជារ៉េស៊ីដង់ខេត្តកំពត បានពីងលើលោកមេគណវត្តអង្គសុរភី ហៅកន្ថោ ស្រុកកំពង់ត្រាច ឲ្យជួយរកលោកសង្ឃមួយអង្គ ដែលមានសញ្ញាបត្របាលីជាន់ខ្ពស់។ ក្នុងកាលនោះលោកគ្រូមេគណវត្តកន្ថោនិមន្តមកឯវត្តឧណ្ណាលោមក្រុងភ្នំពេញ មកពឹងព្រះគ្រូសង្ឃសត្ថា ជួន-ណាត សូមនិមន្តលោកមួយអង្គដែលមានសញ្ញាបត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ ទៅបង្រៀនអក្សរសាស្ត្រខ្មែរនៅខេត្តកំពត ដោយហេតុលោករេស៊ីដង់ រេស្យម ខេត្តកំពតបង្កើតអង្គការសិក្សាអក្សរសាស្ត្រខ្មែរឲ្យមានរបៀបត្រឹមត្រូវឡើង។

កាលនោះព្រះគ្រូសង្ឃសត្ថា បានចាត់លោកអាចារ្យ ហែម-ចៀវ ឲ្យទៅបង្រៀនអក្សរសាស្ត្រជាតិឯខេត្តកំពត យកវត្តក្រាំងដូងស្រុកបន្ទាយមាស និងវត្តកន្ថោស្រុកកំពង់ត្រាចជាមជ្ឈមណ្ឌូល។ គ្រូអាចារ្យ ហែម-ចៀវ បានទៅនៅបង្រៀនអក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់២ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧ដល់១៩៣២ ទើបត្រឡប់មកនៅភ្នំពេញវិញ រួចបានប្រឡងជាប់ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះឯង។

ក្រៅពីម៉ោងបង្រៀនសិស្ស លោកអាចារ្យតែងនិមន្តទៅទេសនាជាញឹកញយ។ ទេសន៍កន្លែងណាក៏ដូចកន្លែងណាដែរ លោកច្រើនតែយកពុទ្ធភាសិតថា «វិរិយេន ទុក្ខរច្ឆេតិ» ហើយនិង «អត្តា ហិ អត្តនោ នាថោ» មកអធិប្បាយពន្យល់លើកឧទាហរណ៍ដើម្បីឲ្យពុទ្ធបរិស័ទងាយស្តាប់បាន។

ស្ត្រជាតិក្នុងខេត្តកំពតអស់២ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧ដល់១៩៣២ ទើបត្រឡប់មកនៅភ្នំពេញវិញ រួចបានប្រឡងជាប់ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះឯង។

ក្រៅពីម៉ោងបង្រៀនសិស្ស លោកអាចារ្យតែងនិមន្តទៅទេសនាជាញឹកញយ។ ទេសន៍កន្លែងណាក៏ដូចកន្លែងណាដែរ លោកច្រើនតែយកពុទ្ធភាសិតថា «វិរិយេន ទុក្ខរច្ឆេតិ» ហើយនិង «អត្តា ហិ អត្តនោ នាថោ» មកអធិប្បាយពន្យល់លើកឧទាហរណ៍ដើម្បីឲ្យពុទ្ធបរិស័ទងាយស្តាប់បាន។

លក្ខណៈខ្លះដែលគួរដឹង

លោកគ្រូអាចារ្យ ហែម-ចៀវ មានសម្លេងធំក្រអួន មានទឹកដមគួរឲ្យចង់ស្តាប់ហើយស្តាប់ទៀត, មានវោហាក្បោះក្បាយរអិលទៅមុខជាដរាប ពុំមានខ្ជួនពាក្យដដែលៗ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ។ ប៉ុន្តែលោកពុំសូវពូកែខាងសរសេរសៀវភៅទេ ព្រោះសម្បរណ៍ពាក្យពេចន៍និងរវល់បង្រៀនទេសនាពេក។

ចំណែកដំណើរទេសនាចេញបែបដូចគ្រូរបស់លោកបេះបិត គឺសម្តេចព្រះសង្ឃរាជ ជួន-ណាត (តាមប្រសាសន៍របស់លោក ឈឹម-ស៊ឹម)។ ត្រង់នេះបានសេចក្តីថា លោកគ្រូព្រះបាឡាត់ឃោសនានាគ ហែម-ចៀវ មានលក្ខណៈមិនខុសពីសម្តេចព្រះសង្ឃរាជប៉ុន្មានទេ។

ចំពោះភ្ញៀវពន្លឺលោកទទួលដោយរាក់ទាក់ ឥតរើសមុខថាអ្នកមានអ្នកក្រអ្វីទេ។ ជនណាដែលបានប្រាស្រ័យជាមួយលោកម្ដងហើយ ជននោះរនែងចង់ប្រាស្រ័យម្ដងទៀត ដើម្បីស្តាប់លោកអធិប្បាយញែកវែក អំពីទ្រឹស្តីព្រះពុទ្ធដែលដឹកនាំសត្វលោកឲ្យដល់ត្រើយនៃសុភមង្គល។

រីឯការបង្រៀនសិស្សវិញ ពូកែពន្យល់ខាងចេះធ្វើឲ្យសិស្សចូលចិត្តរៀនណាស់ សូម្បីតែសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ក៏មិនអាចអត់ទ្រាំសរសើរលោកបានដែរ។

សិស្សរបស់លោកស្រឡាញ់លោកគ្រប់ៗគ្នា ព្រោះជាសាស្ត្រាចារ្យមិនប្រកាន់ធម៌អគតិ។ បើឃើញសិស្សណាខ្ជិលរៀនសូត្រ លោកតែងពោលចំពោះសិស្សនោះដោយសម្លេងថ្នមៗ៖

  • ចូរលោកខំរៀនឡើង! កុំបណ្ដែតបណ្ដោយព្រោះយើងជាភេទដែលអ្នកផងគេគោរពរាប់អាន គេផ្ញើទាន... ម៉ែឪយើងនៅក្រោមការត្រួតត្រារបស់បរទេស ព្រះពុទ្ធសាសនាត្រូវចុះអន់ថយជាលំដាប់ អក្សរសាស្ត្រយើងស្ទើរសាបសូន្យទៅហើយ គួរយើងប្រឹងប្រែងកុំខ្លាចនឿយហត់ ដើម្បីស្រោចស្រង់មាតុភូមិឲ្យរួចពីខ្ញុំកញ្ជះបារាំង កុំភ្លេចខ្លួនឲ្យសោះថា យើងជាអ្នកបួសរស់ដោយសារប្រជាជនចិញ្ចឹម ត្រូវតែមានចំណេះវិជ្ជាជ្រៅជ្រះ ទើបធ្វើឲ្យអ្នកចិញ្ចឹមយើងមានសទ្ធាជ្រះថ្លា។ ចុះបើយើងល្ងង់ខ្លៅ តើដឹកនាំគេម្ដេចកើត? តើនរណាគេគោរពរាប់អានយើង? បញ្ហានេះសូមលោកគិតពិចារណាមើលឲ្យមែនទែន បំណាច់យើងចោលស្រុកចោលស្រែចម្ការ ម៉ែឪបងប្អូនមករៀននៅទីនេះ។ តើយើងមកដើម្បីអ្វី? យើងសុទ្ធតែកូនអ្នកក្រដូចគ្នាត្រូវជួយគ្នាឡើង កុំធ្វេសប្រហែសឲ្យសោះ ប្រយ័ត្នគេមើលងាយណា ខ្ញុំគ្មានអ្វីជួយលោកទេ មានតែចំណេះវិជ្ជាដ៏ស្ដួចស្ដើងប៉ុណ្ណោះ។ លោក! ការដែលខ្ញុំនិយាយនេះមិនមែនជាការប្រៀនប្រដៅទេ គឺជាការរំលឹកគ្នាទៅវិញទៅមក ក្នុងថានៈជាកូនអ្នកស្រែនិងអ្នកបួសដូចគ្នា យើងត្រូវតែណែនាំគ្នាដើម្បីស្វែងរកសុភមង្គលឲ្យប្រទេសយើងដែលបានបាត់បង់ច្រើនឆ្នាំមកហើយ...។

ពាក្យដាស់តឿនរបស់លោកគ្រូបាឡាត់ឃោសនាគ ហែម-ចៀវ ធ្វើឲ្យសិស្សសាលាបាលីជាន់ខ្ពស់ស្រឡាញ់គ្រូ ហើយខិតខំរៀនសូត្រឥតហ៊ានធ្វេសប្រហែសសោះឡើយ។ មិនត្រឹមតែស្រឡាញ់ ខំរៀនប៉ុណ្ណោះទេ ថែមទាំងមានការឈឺចាប់នឹងពួកអាណានិគមបារាំងខ្លាំងឡើងៗជាលំដាប់ ធ្វើឲ្យមជ្ឈដ្ឋានអ្នកស្នេហាជាតិកោតសរសើរសិស្សសាលាបាលីជាន់ខ្ពស់គ្រប់ៗគ្នា។

ក្នុងពេលនោះហើយ ដែលធ្វើឲ្យកិត្តិនាមរបស់លោកគ្រូព្រះបាឡាត់ហែម-ចៀវ ក្រអូបគ្រប់ទិសទី។ ស្រុកណាភូមិណាខេត្តណា ក៏ចង់និមន្តលោកទៅសំដែងធម៌ទេសនាដែរ ម្លោះហើយលោកមានពេលសម្រាកតិចណាស់។

ជួយគ្នាឡើង កុំធ្វេសប្រហែសឲ្យសោះ ប្រយ័ត្នគេមើលងាយណា ខ្ញុំគ្មានអ្វីជួយលោកទេ មានតែចំណេះវិជ្ជាដ៏ស្ដួចស្ដើងប៉ុណ្ណោះ។ លោក! ការដែលខ្ញុំនិយាយនេះមិនមែនជាការប្រៀនប្រដៅទេ គឺជាការរំលឹកគ្នាទៅវិញទៅមក ក្នុងថានៈជាកូនអ្នកស្រែនិងអ្នកបួសដូចគ្នា យើងត្រូវតែណែនាំគ្នាដើម្បីស្វែងរកសុភមង្គលឲ្យប្រទេសយើងដែលបានបាត់បង់ច្រើនឆ្នាំមកហើយ...។

ពាក្យដាស់តឿនរបស់លោកគ្រូបាឡាត់ឃោសនាគ ហែម-ចៀវ ធ្វើឲ្យសិស្សសាលាបាលីជាន់ខ្ពស់ស្រឡាញ់គ្រូ ហើយខិតខំរៀនសូត្រឥតហ៊ានធ្វេសប្រហែសសោះឡើយ។ មិនត្រឹមតែស្រឡាញ់ ខំរៀនប៉ុណ្ណោះទេ ថែមទាំងមានការឈឺចាប់នឹងពួកអាណានិគមបារាំងខ្លាំងឡើងៗជាលំដាប់ ធ្វើឲ្យមជ្ឈដ្ឋានអ្នកស្នេហាជាតិកោតសរសើរសិស្សសាលាបាលីជាន់ខ្ពស់គ្រប់ៗគ្នា។

ក្នុងពេលនោះហើយ ដែលធ្វើឲ្យកិត្តិនាមរបស់លោកគ្រូព្រះបាឡាត់ហែម-ចៀវ ក្រអូបគ្រប់ទិសទី។ ស្រុកណាភូមិណាខេត្តណា ក៏ចង់និមន្តលោកទៅសំដែងធម៌ទេសនាដែរ ម្លោះហើយលោកមានពេលសម្រាកតិចណាស់។

កថាទីបី

សកម្មភាពដើម្បីជាតិសាសនា

លុះចប់កិច្ចសិក្សាហើយ លោកបានទៅធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រជាតិនៅវត្តក្រាំងដូង បង្រៀនព្រះសង្ឃសម្រាប់ធ្វើគ្រូ តទៅ ប្រកបដោយជោគជ័យជាទីបំផុត។

ក្រៅពីពេលបង្រៀន លោកឆ្លៀតសិក្សាខ្លួនឯងទៀត ដើម្បីឈោងចាប់យកសេចក្តីពិតមកទូន្មានខ្លួននិងសិស្សានុសិស្ស ព្រមជាមួយអន្លើដោយឧបាសក ឧបាសិកាដែលត្រូវការចង់ចេះចង់ដឹង។

នៅពេលលោកទេសនាមាត់ទទេលើកដំបូង មិនសូវមានអ្នកស្តាប់ច្រើនប៉ុន្មានទេ ព្រោះខ្មែរជាន់ដើមទម្លាប់តែទេសន៍តាមសាស្ត្រាស្លឹករឹត។ ម្លោះហើយចាស់ៗខ្លះ «ធម៌សម័យថ្មីគេមិនចេះស្តាប់ទេ»។ ហេតុការណ៍ទាំងនេះពុំបានធ្វើឲ្យលោកគ្រូអាចារ្យ ហែម-ចៀវ ព្រួយបារម្ភលំបាកចិត្តអ្វីទេ ដោយលោកឈ្លាសវៃក្នុងការពន្យល់។ មុនដំបូងវាតែងមានប្រតិកម្មដូច្នេះហើយ បើយើងមិនតស៊ូទេ មុខជាមិនបានសម្រេចបំណងឡើយ។

ចាប់តាំងពីពេលនោះមក ព្រះអាចារ្យតែងធ្វើសេចក្ដីស្និទ្ធស្នាលចំពោះចាស់ៗណាដែលមិនសូវចូលចិត្តស្តាប់លោកសម្តែងធម៌មាត់ទទេ ជាងអ្នកផងទាំងពួង។ មិនយូរប៉ុន្មានអ្នកទាំងនោះក៏ស្តាប់បាន ងាយយល់ ថែមទាំងសម្លេងពិរោះផង ហើយស្រឡាញ់លោកហួសនិយាយ ចង់ឲ្យតែលោកអាចារ្យសម្តែងធម៌ទេសនារាល់ថ្ងៃសីលនិងបុណ្យទាន។

នៅឆ្នាំនោះហើយដែលព្រះសង្ឃខ្មែរយើង ចាប់ប្រែសូត្រមន្តពីភាសាបាលីមកជាភាសាខ្មែរ។ ការប្រែមកឲ្យស្តាប់បាននេះ ធ្វើឲ្យអ្នកគិតមិនដល់ជេរត្មះតិះដៀលដល់ព្រះសង្ឃដែលខិតខំប្រែយ៉ាងសំបើមរហូតដល់មានប្ដឹងផ្ដល់ទៅចូលតុលាការថែមទៀត។

សេចក្ដីតស៊ូប្រឹងប្រែងធ្វើការ ដើម្បីឲ្យសាសនាបានរុងរឿងមានប្រយោជន៍ដល់មហាជន ដោយមិនតបតទៅតាមអំពើពាលល្ងង់ខ្លៅ កិច្ចការនោះក៏បានសម្រេចជោគជ័យជាស្ថាពររហូតមកដល់សព្វថ្ងៃនេះ។

មកដល់ភ្នំពេញ លោកអាចារ្យ ហែម-ចៀវ បានទទួលថានៈជាអាចារ្យសាលាបាលីជាន់ខ្ពស់ (សាស្ត្រាចារ្យ) មានកំរៃប្រចាំខែ៥០រៀល ល្មមនឹងទ្រទ្រង់ជីវភាពឲ្យសម្រេចទៅកើត។

លោកគ្រូអាចារ្យ ហែម-ចៀវ មានសាមណសក្ដិជាព្រះបាឡាត់ឃោសនានាគរបស់សម្តេចព្រះសង្ឃរាជ ជួន-ណាត កាលលោកនៅជាព្រះពុទ្ធឃោសាចារ្យ មុខងារថ្មីនេះពុំអាចទាញកម្លាំងចិត្តស្នេហាជាតិរបស់លោកឲ្យភ្លេចបានឡើយ។

លោករឹងរឹតតែខំរៀន ខំអានសៀវភៅខ្មែរបរទេសដែលសំខាន់ៗស្តីអំពីរឿងសាសនា នយោបាយ សេដ្ឋកិច្ច អក្សរសាស្ត្រ ទស្សនវិជ្ជាគ្រប់ទិវារាត្រី ឥតបីបណ្ដោយឲ្យពេលវេលាកន្លងផុតដោយពុំបានធ្វើអ្វីជាប្រយោជន៍ទេ។

ក្រៅពីការសិក្សា បង្រៀនសិស្ស និងពន្យល់ខ្មែរល្ងិតល្ងង់ ព្រះបាឡាត់ឃោសនានាគ ហែម-ចៀវ ឆ្លៀតពេលចេញប្រាស្រ័យទាក់ទងនឹងវរជនធំដែលស្នេហាមាតុភូមិជាច្រើនទៀត ដូចជាលោកប៉ាច-ពឺន, សឺង-ង៉ុកថាញ់, ជុំ-មួង, នួន-ដួង និងស៊ឹម-វ៉ា ។ល។ ដើម្បីរិះរកមធ្យោបាយរំដោះជាតិឲ្យរួចពីខ្ញុំបារាំង។

វេលាថ្ងៃមួយ លោកសឺង-ង៉ុកថាញ់ បានទៅជួបព្រះបាឡាត់ ហែម-ចៀវ ហើយប្រគេនដំណឹង៖

  • លោកគ្រូព្រះបាឡាត់! បំណងយើងជិតបានសម្រេចហើយ!

  • ពរ! ជិតបានសម្រេចអីលោក?

ព្រះបាឡាត់ ហែម-ចៀវ ចោទសំណួរដោយងឿងឆ្ងល់។

លោកសឺង-ង៉ុកថាញ់ញញឹមបន្តិចរួចបន្លឺវាចា៖

  • ករុណាម្ចាស់! សព្វថ្ងៃនេះ ដូចជាលោកគ្រូអាចារ្យដឹងស្រាប់ហើយ ទាហានពងក្រហមនិងជើងខ្មៅមិនត្រូវគ្នាទេ ដោយសារបារាំងចេះតែចាក់រុកឲ្យបែកសាមគ្គី។ ឥឡូវនេះបារាំងបានចាត់ឲ្យខ្ញុំករុណា និមន្តព្រះសង្ឃទេសនាពន្យល់ពួកទាហានទាំងនេះ ដើម្បីកុំឲ្យទាស់គ្នាទៀត។ ក្នុងពេលនេះ ខ្ញុំករុណាសូមនិមន្តលោកអាចារ្យហើយ។

  • យី! ម៉េចក៏លោកមិននិមន្តលោកអាចារ្យ ប៉ាង-ខាត, សូ-ហាយ ផង?

  • ករុណា ខ្ញុំនិមន្តតែទាំងអស់អង្គហ្នឹង មិនឲ្យសល់ទេ តែធ្វើយ៉ាងណាកុំឲ្យពួកវាដឹងឬសង្ស័យ ក្រែងទៅទេសនាឬពន្យល់ទៀត។

  • ពរ! ការនេះមិនថ្វីទេចំពោះរូបអាត្មាភាព តែអាត្មាព្រួយក្រែងខ្មែរយើងខ្លះចង់នៅបុណ្យសក្ដិពីបារាំង ហើយយកការណ៍ទៅឲ្យបារាំងវិញ!

  • ករុណាវាពិតហើយ តែយើងមិនត្រូវខ្លាចទេ។ យើងត្រូវខំពុះពារគ្រប់ឧបសគ្គ ទើបបំណងរបស់យើងបានសម្រេច។

  • ពរត្រូវហើយលោក! អាត្មាមិនដែលនឹកខ្លាចដល់គ្រោះថ្នាក់អ្វីផ្ទាល់ខ្លួនទេ គឺខ្លាចបែកការសម្ងាត់របស់ក្រុមបដិវត្តន៍យើង! អាត្មាមិនមែនជាអ្នកនយោបាយដូចលោកទេ គឺជាអ្នកបួស គ្រាន់តែទេសនាពន្យល់ពុទ្ធបរិស័ទឲ្យស្គាល់ ឲ្យដឹង ឲ្យយល់ ឲ្យអនុវត្តតាមព្រះសម្ពុទ្ធទេតើ! បើស្លាប់ដើម្បីជាតិ សាសនា អាត្មាក៏មិនតូចចិត្តដែរ ធ្វើម្ដេចវាសនាមនុស្សត្រូវទទួលដូច្នេះ!

  • ត្រូវហើយលោកគ្រូម្ចាស់! ការពិតដែលយើងត្រូវនិយាយនោះ យើងត្រូវតែនិយាយឲ្យប្រជារាស្ត្រដឹង។ លេងធម៌និយមអែបអប មុខជារាស្ត្រលិចលង់ដំដែល។ ខ្ញុំករុណាសុខចិត្តបូជាជីវិតជូនជាតិ សាសនា អស់ហើយ ពុំមានខ្លាចស្លាប់ទេ! ព្រោះយើងកើតមករមែងស្លាប់ទៅវិញជាធម្មតា។ ខ្ញុំករុណាគិតសុំថ្វាយបង្គំលាសិនហើយ!

  • កុំប្រញាប់អញ្ជើញពេកលោក!

  • ខ្ញុំករុណាមានការច្រើនទៀតដែលត្រូវធ្វើ! ចាំថ្ងៃក្រោយ ចាំជជែកឲ្យយូរបន្តិច។

  • ពរអញ្ជើញចុះលោក! សូមឲ្យបានសុខ!

លោកសឺង-ង៉ុកថាញ់ក៏ក្រាបបង្គំលាព្រះអាចារ្យ វិលទៅលំនៅវិញប្រកបដោយទឹកចិត្តរីករាយជាអនេក។

ក្រុមខ្មែរអ្នកភ្ញាក់រលឹក ចេះតែដើរឃោសនាបញ្ចះបញ្ចូលរាស្ត្រ ព្រះសង្ឃ គ្រប់និគមជនបទឲ្យមានការឈឺចាប់ឡើង។ លោកប៉ាច-ឈឺន មាននាមល្បីខ្ទរទ្ទារដោយធ្វើជាចាងហ្វាងសារពត៌មាន «នគរវត្ត» មានអ្នកអានសុទ្ធជាអ្នកស្រឡាញ់ជាតិពិតប្រាកដ។ ប្រជារាស្ត្រនិងព្រះសង្ឃ បានគាំទ្រសារពត៌មាននេះយ៉ាងពេញទំហឹង។

ចំណែកខាងព្រះសង្ឃ ដែលខំតស៊ូយ៉ាងស្វិតស្វាញមិនខ្លាចស្លាប់ដើម្បីមាតុភូមិរស់នោះគឺ លោកអាចារ្យប៉ាង-ខាត់ សាស្ត្រាចារ្យភាសាសំស្ក្រឹត, លោកគ្រូអាចារ្យសូរ-ហាយ ក្រុមជំនុំព្រះត្រៃបិដក, លោកគ្រូអាចារ្យ ខៀវ-ជុំ គង់នៅវត្តលង្កា, ព្រះពរ្យ ហែម-ចៀវ សាស្ត្រាចារ្យភាសាបាលី និងសាមណេរសិស្សនៅសាលាបាលីជាន់ខ្ពស់ជាច្រើនអង្គទៀតជួយផង។

ព្រះសង្ឃទាំងអង្គអស់នេះហើយ ដែលធ្វើឲ្យទាហានខ្មែរភ្ញាក់រលឹក លែងឈ្លោះទាស់ទែងគ្នាដោយខុសបទ។ ក្រុមទាហានបារាំងកាចសាហាវណាស់ មិនស្ដាល់ច្បាប់ទម្លាប់អ្វីសោះ។ បងប្អូនខ្មែរយើងស្អប់ខ្ពើមមិនឲ្យកូនទេ។ ដូច្នេះហើយ បានជាអ្នកស្រុកស្រែចម្ការហាមមិនឲ្យកូនធ្វើទាហាន ខ្លាចគេស្អប់ រហូតដល់សព្វថ្ងៃ។ ក្រុមទាហានទាំងនោះ ចូលទៅដល់ភូមិណាភូមិនោះមុខជាហិនហោចទ្រព្យសម្បត្តិមិនខាន។ នេះជានយោបាយបំបែកបំបាក់ដើម្បីត្រួតត្រារបស់ចោរព្រៃបារាំង។

គ.ស.១៩៤០

កងទ័ពជប៉ុនក៏ចូលមកដល់ (សូមមើលគុកនយោបាយរបស់លោក ប៊ុណ្ណ-ចន្ទម៉ុល បើចង់ជ្រាបច្បាស់) ដើម្បីវាយកំចាត់សត្រូវរបស់ខ្លួនគឺបារាំង អាមេរិកាំង អង់គ្លេស នៅក្នុងឥណ្ឌូចិនទាំងមូល។ ពេលនោះកងទ័ពបារាំង មានកម្លាំងខ្សោយណាស់ទៅហើយ។ ខ្មែរយើងឃើញដូច្នេះ ក៏ចូលទៅទាក់ទងនឹងជប៉ុន ដើម្បីឲ្យគេជួយ…

ពួកជប៉ុនក៏យល់ព្រមតាមសេចក្ដីស្នើរបស់លោកសឺង-ង៉ុកថាញ់ ដែលជាអ្នកតំណាងក្រុមបដិវត្តន៍។

នៅពេលទេសនាម្ដងៗ ព្រះអាចារ្យ ហែម-ចៀវ បានលើកយកពុទ្ធភាសិតខ្លាំងៗ ដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ដើម្បីឲ្យជ្រាបច្បាស់ បានដឹងច្បាស់នូវគោលបំណងនៃព្រះបរមគ្រូរបស់យើង។ ពុទ្ធភាសិតទាំងនោះគឺ៖

★ កុំធ្វើមនុស្សឲ្យចង្អៀតលោក។

★ ត្រូវគិតបច្ចុប្បន្នឲ្យបានសុខជាមុន ព្រោះថាបើបានសុខក្នុងបច្ចុប្បន្នហើយ អនាគតមុខជាបានសុខទៀត។

★ ត្រូវខំធ្វើការ កុំដេកផ្សងសំណាង។

★ កន្លងសេចក្ដីទុក្ខបាន ព្រោះព្យាយាមខ្ជាប់ខ្ជួន។

★ មានតែខ្លួនយើងទេ ដែលជាទីពំនឹងបាន។

★ បុគ្គលមិនគប្បីសេពគប់នូវមិត្តដ៏លាមកទាំងឡាយឡើយ មិនគប្បីសេពគប់នូវបុរសដ៏ទាបថោកទាំងឡាយឡើយ គប្បីសេពគប់តែនឹងកល្យាណមិត្តទាំងឡាយ គប្បីសេពគប់នូវបុរសដ៏ឧត្តមទាំងឡាយ (១០០គាថា)។

★ មនុស្សឥតប្រាជ្ញា រមែងណែនាំនូវចំណែកដែលមិនគួរណែនាំ រមែងដឹកនាំឲ្យប្រកបក្នុងចំណែកដែលមិនជាធុរៈ ជាមនុស្សគឺគេណែនាំ ឬប្រដៅឲ្យបានល្អដោយលំបាក កាលបើគេនិយាយល្អៗ ក៏ស្រាប់តែច្រឡោតខឹង, មនុស្សនោះមិនចេះដឹងវិន័យច្បាប់អ្វីឡើយ, កិរិយាមិនជួបប្រទះ ឬមិនឃើញនូវមនុស្សដូចនោះ ជាការល្អ (១០០គាថា)។

★ បុគ្គល មិនគួរអាស្រ័យអ្នកដទៃចិញ្ចឹមជីវិតឡើយ។

ពុទ្ធភាសិតទាំងអស់នេះ លោកចង់ឲ្យប្រជារាស្ត្រមានសេរីភាព ដោយពឹងផ្អែកលើខ្នងឯងជាមូលដ្ឋាន, កុំផ្ញើវាសនាទៅលើស្ដេច ដែលជាមនុស្សឃោរឃៅសប្បាយភ្លេចជាតិ នោះមិនល្អទេ។ ក្រៅពីលើកពុទ្ធភាសិត លោកអាចារ្យបានទាញឧទាហរណ៍ល្អៗពីប្រទេសនានា ដែលគេចេះកសាងជាតិឲ្យបានរុងរឿងគ្រប់វិស័យ។

មិនត្រឹមតែបណ្ដុះស្មារតីឲ្យខ្មែរក្រោកឈរប្រយុទ្ធយកឯករាជ្យពីបារាំងនោះទេ លោកបានបណ្ដុះស្មារតីកូនខ្មែរឲ្យស្រឡាញ់ការសិក្សា ឲ្យយល់តម្លៃនៃវិជ្ជាថែមទៀតផង។

មហាវិស្សមកាលក៏ចូលមកដល់...

ព្រះអាចារ្យ ហែម-ចៀវ បាននិមន្តទៅវត្តកំណើត ដើម្បីសួរសុខទុក្ខញោមញាងភិក្ខុសាមណេរឯទៀតដែលរាប់អានគ្នា។ នៅពេលយប់ឡើង មានចាស់ៗត្រូវប្រុស និងភិក្ខុសាមណេរបានមកចោមរោម ដើម្បីឲ្យលោកអធិប្បាយធម៌ឬរឿងរ៉ាវផ្សេងៗឲ្យស្តាប់។ មុនដំបូង លោកលើករឿងអ្វីផ្សេងៗដែលមានប្រយោជន៍ ទើបលោកមានថេរដីកាមួយៗ៖

  • ប្រទេសយើងមិនដឹងពេលណា រួចពីខ្ញុំបារាំងទេ។ បារាំងមកត្រួតត្រាស្រុកយើង ហិនហោចទ្រព្យសម្បត្តិអស់ គ្មានអ្វីចំរើនរុងរឿងសោះ, ដូចយើងរាល់គ្នាឃើញស្រាប់ហើយ។ អាត្មាធ្វើបុណ្យរាល់ថ្ងៃ បួងសួងសុំឲ្យខ្មែរបានឯករាជ្យមកវិញ ដើម្បីកុំឲ្យបរទេសជិះជាន់យើងតទៅទៀត។

ខណៈនោះលោកតាម្នាក់ពោលឡើង៖

  • ករុណាម្ចាស់ក៏គិតដូចលោកគ្រូអាចារ្យដែរ តែមិនដឹងធ្វើម៉េចបានឈ្នះពួកបារាំងទេ។

ចំណុចនេះបានធ្វើឲ្យទឹកព្រះទ័យព្រះអាចារ្យរីករាយពេកក្រៃ។ លោកក៏តបដោយសម្លេងក្រអួនព្រមទាំងញញឹមផង៖

  • ពរជាការងាយទេ លោករាបើយើងចង់បានឯករាជ្យ ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បង្ហាញផ្លូវឲ្យយើងដើរ ហើយថា «សេចក្ដីសាមគ្គី នាំមកនូវសេចក្ដីសុខគ្រប់យ៉ាង»។

តែកាលណាយើងស្រុះស្រួលគ្នា យើងនឹងអាចធ្វើអ្វីៗកើតមិនខាន។ អាត្មាសង្ឃឹមថា បើប្រជារាស្ត្រយើងស្រុះស្រួលគ្នា មុខជាឈ្នះបារាំងពេលឆាប់ៗនេះមិនខាន។ តែបើខ្មែរយើងមិនស្របគ្នាទេ យើងពុំអាចដណ្ដើមយកសេរីភាពនោះមកវិញបានឡើយ។

អាត្មាមិនពេញចិត្តនឹងអ្នកខ្លះ ដែលគេយកព្រះពុទ្ធសាសនា ដើម្បីបំភិន្តមតិប្រជារាស្ត្រ ហើយបោកប្រជារាស្ត្រជាដាច់ខាត។ លោកតា! លោកទាំងអស់ឃើញស្រាប់ហើយ ប្រទេសយើងមានអ្នកបន្លំខ្លួន កេងយកកំរៃពីសាសនាសម្បើមណាស់។

  • ករុណាម្ចាស់ ពិតហើយការនេះ!

ការសន្ទនាអំពីរឿងសាសនា នយោបាយ និងអំពីការណែនាំឲ្យប្រជាជនចេះប្រកបការងារចិញ្ចឹមជីវិត ស្របតាមគន្លងព្រះសម្ពុទ្ធ បានប្រព្រឹត្តទៅរហូតពាក់កណ្ដាលអាធ្រាត្រទើបឈប់។

ពេលនិមន្តទៅស្រុកម្ដងៗ ព្រះអាចារ្យតែងនិមន្តគ្រប់ផ្ទះបងប្អូនណាដែលក្រីក្រជាងគេ។ លោកពេញចិត្តប្រាស្រ័យជាមួយជនជំពូកនោះ ក៏ដូចជាលោកពេញចិត្តនឹងភូមិកំណើតឬព្រះសម្ពុទ្ធដែរ។

កថាទីបួន

ព្រះបាឡាត់ ហែម-ចៀវ ត្រូវបារាំងចាប់ផ្សឹក

ព្រះអាទិត្យជិតអស្ដង្គតរលត់រស្មីទៅហើយ...

សម្លេងរៃយំគ្រលួច ពីលើចុងគគីរមកប៉ះត្រចៀកបុរីជន ឲ្យស្រងេះស្រងោចខ្លោចផ្សា ស្ទើរទប់ជលនេត្រពុំបាន។

ឆ្នាំ១៩៤២ ជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់អ្នកស្នេហាជាតិមាតុភូមិអស់ជាច្រើន។

ព្រឹត្តិការណ៍សកលលោក បានតឹងតែងជាលំដាប់។

សង្គ្រាមលោកលើកទី២ក៏ផ្ទុះឡើង។

ស្ថានការណ៍ក្នុងប្រទេសខ្មែរ មានសភាពតឹងតែងស្ទើរកែលែងរួច ព្រោះប្រជាជនខ្មែរយើងហាក់ដូចជាលង់លក់ ដោយមិនដឹងថា ប្រទេសអញនៅក្រោមអំណាចរបស់បារាំងទេ។ តែបើដឹងវិញ ក៏គ្រាន់តែត្រឹមដឹងស្ទើរ មិនហ៊ានធ្វើសកម្មភាពអ្វីឡើយ។ តើដោយសារអ្វី? ជនជាតិខ្មែរដែលបារាំងចាប់ខ្លួន គ្មានវរជនឬស្ដេចណាទៅសុំតវ៉ាឲ្យរួចខ្លួនមកវិញទេ។ គេបែរជាជំរុញឲ្យបរទេសសម្លាប់ចោលទៅវិញ។

ម៉្លោះហើយ, អ្នកមានចំណេះតិចរមែងខ្លាចស្លាប់ជាធម្មតា ការភ័យខ្លាចក៏កើតមានឡើង។

តែខ្មែរឈាមអង្គរវត្ត ធ្លាប់ធ្វើជាមហាអំណាចមួយនឹងគេដែរ ក៏ក្រោកឈរទាញដៃបងប្អូនឈាមខ្លួនឲ្យតស៊ូប្រយុទ្ធឡើង។

ក្រុមបដិវត្តន៍បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ដើម្បីឲ្យទាន់ស្ថានការណ៍សកលលោកដែលកំពុងច្បាំងគ្នា។ ពេលនោះព្រះអាចារ្យ ហែម-ចៀវ តែងនិមន្តទៅអប់រំខ្មែរស្រុកស្រែចម្ការជាញឹកញយ ដើម្បីសុំការឧបត្ថម្ភពីប្រជារាស្ត្រ គ្រប់មធ្យោបាយនិងគ្រប់សម្ភារៈ។

ចំណែកប្រជារាស្ត្រនិងព្រះសង្ឃ បានគាំទ្រក្រុមបដិវត្តន៍ តាំងផ្លូវចិត្តផ្លូវកាយឥតសង្ស័យឡើយ។

ផែនការសម្ងាត់របស់ខ្មែរបដិវត្តន៍ បានដឹងដល់ក្រសួងស៊ើបអង្កេតនៃពួកបរទេស។ ការនេះដឹងដោយសារទាហានខ្មែរយើងដែលនៅស្រឡាញ់បារាំង ហើយយកការណ៍ទៅឲ្យបារាំងដើម្បីខ្លួនបានបុណ្យសក្ដិ (១)។

តាមសៀវភៅ «គុកនយោបាយ» របស់លោកប៊ុណ្ណ-ចន្ទម៉ុល ដែលជាសមាជិកម្នាក់ដៃសំខាន់នៃក្រុមបដិវត្តន៍ បានសរសេរយ៉ាងច្បាស់លាស់ថា ដោយពួកទាហានខ្មែរដែលបានមកទាក់ទងជាមួយលោកគ្រូអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួងនោះ, មានទាហានខ្លះដែលស្រឡាញ់បារាំងដុះស្លែក្នុងខួរដុះមិនជ្រះនោះ, វានាំរឿងបែបនេះទៅប្រាប់បារាំង ថាលោកអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង ដឹកនាំពួកទាហានខ្មែរឲ្យបះបោរប្រឆាំងនឹងបារាំង។ ទាហានខ្មែរចំនួន១៥នាក់ ត្រូវចាប់ស្ងាត់ៗដើម្បីកុំឲ្យបែកការណ៍។

នៅថ្ងៃទី១៧ កក្កដា ១៩៤២ ស្រាប់តែឃើញចាងហ្វាងគិញបារាំងម្នាក់ និងលេខាធិការខ្មែរពីរនាក់ទៀត មានកាន់សំណុំលិខិតមួយដុំផង, បានទៅជួបលោក អ៊ឹង-អ៊ី នាយករដ្ឋមន្ត្រី ព្រមទាំងលោក ទា-សាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងធម្មការ និងមន្ត្រីឯទៀត។ គ្រានោះ លោក ទា-សាន បានបញ្ជាលោក ជុំ-មួង (កាលណោះលេខាធិការក្រោមបង្គាប់លោក) ឲ្យទៅនិមន្តលោកគ្រូអាចារ្យ ហែម-ចៀវ។ លោក ជុំ-មួង នឹកប្រហែលជាមានការធំហើយ ក្នុងរឿងសម្ងាត់ជាមួយគ្នា តែចាប់លោកគ្រូអាចារ្យ ហែម-ចៀវ ទៅនឹងរាលដាលដល់អាត្មាអញមិនខាន, ប៉ុន្តែពុំទាន់ដឹងច្បាស់ជារឿងអ្វីដែរ? ដោយពុំហ៊ានសួរគេ។

លោក ជុំ-មួង ក៏ទៅវត្តឧណ្ណាលោម និមន្តលោកគ្រូ ហែម-ចៀវ លោកក៏បាននិមន្តជាមួយគ្នាជាបន្ទាន់។ តាមផ្លូវ, លោកក៏បានសួរលោក ជុំ-មួង ពីដំណើរដែលលោករដ្ឋមន្ត្រីឲ្យមកនិមន្តនេះ។ លោក ជុំ-មួង ក៏ទូលលោកតាមដំណើរដែលបានឃើញ តែពុំដឹងជារឿងអ្វី។ លោកមានថេរដីកាថា៖ «បើវាសួរពីរឿងយើង យើងឆ្លើយកថា តែពុំបានដឹងទៅ!» រួចលោកមានថេរដីកាតមកទៀតថា «លោកសឺង-ង៉ុកថាញ់បានផ្ដាំថា បើបារាំងវាដឹងរឿង ត្រូវឲ្យប្រញាប់រត់ចូលទៅឯមន្ទីរកងអាវុធហត្ថុជប៉ុនជាប្រញាប់ ទើបរួចខ្លួន!» យោបល់ទាំងពីរនាក់យល់ថា ច្បាស់ជាបារាំងវាដឹងរឿងសម្ងាត់ហើយ, ប៉ុន្តែពុំបានគិតដល់រឿងអ្វីទេ នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិនតែប៉ុណ្ណោះទេយ៉ាងមើល?

លុះលោកគ្រូអាចារ្យ ហែម-ចៀវ ទៅដល់ ស្រាប់តែលោក ទា-សាន ប្រើឲ្យបំរើទៅទិញខោ១ អាវ១ មកហើយ បង្ខំលោកគ្រូអាចារ្យ ហែម-ចៀវ ឲ្យផ្លាស់ស្បង់ចីវរពីខ្លួន ហើយស្លៀកពាក់ខោអាវភ្លាមរួចបារាំងវានាំទៅតាមរថយន្តវាបាត់ទៅតែម្ដង។

រកតែរត់ទៅប្រាប់អ្នកណាក៏មិនទាន់។ គិតទៅពួកគេចាប់លោកផ្សឹកទាំងឥតជំនុំសោះ។

លោក ជុំ-មួង កាន់តែភ័យខ្លាំងថា អញច្បាស់ជាបារាំងវាចាប់ខ្លួនទៀតជាពុំខាន។ លុះដល់ពេលចេញពីធ្វើការ ក៏ទៅជំរាបលោក សឺង-ង៉ុកថាញ់ តាមដំណើរ។ លោកក៏ប្រាប់ថា ឲ្យប្រយ័ត្នខ្លួនឲ្យមែនទែន បារាំងប្រាកដជាចាប់យើងហើយ។

រឿងចាប់លោកគ្រូអាចារ្យ ហែម-ចៀវ ក៏ផ្អើលឆោឡោឡើង ក្នុងបណ្ដាពួកលោកសង្ឃជានិស្សិតនៃសាលាបាលីជាន់ខ្ពស់ និងវត្តនានាក្នុងក្រុងភ្នំពេញ ដែលច្រើនតែជាមិត្តភក្តិនិងជាសិស្សរបស់លោក។

ក្នុងពេលជាមួយគ្នានោះ លោក នួន-ឌួង ក៏ត្រូវគិញបារាំងទៅចាប់ឯផ្ទះដែរ។

នៅពេលដែលបារាំងចាប់ផ្សឹក លោកគ្រូអាចារ្យ ហែម-ចៀវ មានការឈឺចាប់ឥតឧបមា ធ្វើឲ្យទឹកនេត្រាលោកហូរដោយមិនដឹងខ្លួន។ លោកនឹកតូចចិត្តដឹងខ្មែរគ្នាឯង ដែលធ្វើធំហើយមិនជួយឈឺឆ្អាលការពារកិត្តិយសព្រះសង្ឃ, បែរជាបណ្ដោយឲ្យជនបរទេស ញាំញីតាមអំពើចិត្តរបស់គេ។ លោកគ្មាននឹកខ្លាចថា បារាំងធ្វើទារុណកម្មអ្វីទេ តែលោកនឹកស្ដាយគំរោងការណ៍ ដែលនឹងជិតបានសម្រេចផលទៅឲ្យប្រជារាស្ត្រខ្មែរ ដែលរស់ក្នុងអន្លង់ទុក្ខក្រោមក្រញ៉ំបិសាចបារាំង និងស្ដេចយង់ឃ្នងជាច្រើនឆ្នាំមកហើយ។

នៅក្នុងទីឃុំឃាំង លោកអាចារ្យ ហែម-ចៀវ អង្គុយសម្លឹងតាមរន្ធតូចមួយ មើលទៅមេឃាដែលមានដុំពពករសាត់គ្រឿងៗ ប្រៀបដូចជាដុំទុក្ខផុសចេញពីក្រអៅដូងនៃប្រជាជនរួមជាតិ។ ព្រះអាចារ្យពោលតែម្នាក់ឯង ទាំងទឹកភ្នែកសស្រាក់៖

  • ឱ! ប្រទេសអញអើយ! តើកាលណាទៅនឹងបានឯករាជ្យ សម្បូរសប្បាយដូចសម័យមហានគរវិញ! បើមន្ត្រីធំៗសុទ្ធសឹងលក់ក្បាលយ៉ាងដាច់ថ្លៃ ឲ្យបារាំងទៅហើយ...។

  • តើថ្ងៃណា ទើបខ្មែរយើងក្រោកពីដេក? ទើបខ្មែរស្គាល់ខ្លួនឯងជាមនុស្សដូចសាសន៍ដទៃ!

  • ឱ! ប្រិយមិត្ត! ដែលរួមផ្លើម ស៊ូប្ដរជីវិតឥតស្ដាយស្រណោះ ដើម្បីស៊ូគ្រលាស់ខ្លួន ឲ្យរួចពីនឹមអាណានិគមបារាំងសែស! មិត្តមិនដឹងជាព្រួយយ៉ាងណាទេ! ព្រោះខ្លាចបែកការណ៍ (ផែនការសម្ងាត់) របស់យើង! មិត្តអើយ ទោះបីអាចោរអបលក្សណ៍ទាំងនោះ យកអាវុធមកពុះទ្រូងរួងយកថ្លើមខ្ញុំក៏ដោយ ខ្ញុំមិនឆ្លើយប្រាប់នូវសេចក្ដីពិតទាំងនោះឡើយ! ខ្ញុំមិនសុខចិត្តឲ្យប្រទេសខ្ញុំស្លាប់ជាដាច់ខាត ហើយមិនសុខចិត្តរស់ដោយឃើញប្រទេសខ្ញុំកញ្ជះគេដែរ។

ឱមិត្តរួមសាសនា! ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវិញ្ញាណក្ខន្ធនៃវីរបុរសខ្មែរ ដែលមានលោកក្រឡាហោមគង់ជាដើម ជួយគាំពារឲ្យការតស៊ូរបស់យើងបានសម្រេចជោគជ័យកុំបីខាន ដើម្បីឲ្យកូនចៅរបស់យើង ស្គាល់នូវសិទ្ធិ សេរីភាព យុត្តិធម៌ សុភមង្គល ដូចអារ្យប្រទេសនានា...។

ទំនួញដ៏សោកសៅនេះ បានហើរចូលទៅក្នុងបេះដូងខ្មែរអ្នកស្នេហាជាតិ ឲ្យរឹងរឹតតែក្លាហានឡើងជាទ្វេភាគ។ សេចក្ដីទុក្ខលំបាករបស់លោក ដែលបារាំងបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដើម្បីសួរចម្លើយនោះ មានវិសាលភាពមិនអាចពណ៌នាបានឡើយ។

រីឯលោក នួន-ឌួង ធ្វើការនៅក្រុមជំនុំប្រែព្រះត្រៃបិដក ក៏ត្រូវទទួលអំពើយង់ឃ្នង ដូចព្រះអាចារ្យ ហែម-ចៀវ ដែរ តែវីរបុរសទាំងពីររូបនេះ បានរក្សាទុកកិត្តិយសខ្មែរយើងរហូតមកដល់សព្វថ្ងៃ។

កថាទីប្រាំ

មហាបាតុកម្មថ្ងៃទី២០ កក្កដា ១៩៤២

ដំណឹងបារាំងចាប់ផ្សឹកលោកគ្រូអាចារ្យ ហែម-ចៀវ បានធ្វើឲ្យសាមណេរសិស្សនៅសាលាបាលីជាន់ខ្ពស់ រំជើបរំជួលយ៉ាងខ្លាំង ហើយផ្សាយទៅគ្រប់វត្តអារាមនិងខេត្តក្រៅដើម្បីរួមប្រជុំគ្នា ធ្វើបាតុកម្មតវ៉ាឲ្យបារាំងដោះលែងលោកគ្រូអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង ពីទីឃុំឃាំងមកវិញ។

មហាបាតុកម្មនេះ បំរុងធ្វើនៅថ្ងៃទី១៨ កក្កដា តែត្រូវអាក់ខានទៅវិញ ដោយនៅវត្តលង្កាជាប់រវល់ធ្វើបុណ្យចំរើនព្រះជន្មវស្សាព្រះធម្មលិខិត ល្វី-ឯម ជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្នុងឱកាសដែលលោកឡើងសមណសក្ដិទីជាព្រះធម្មលិខិត។ ពិធីបុណ្យនេះបានបង្ហើយនៅថ្ងៃទី១៩ កក្កដា។

ពេលនោះ លោក សឺង-ង៉ុកថាញ់ បានភៀសខ្លួនទៅពួនឯការិយាល័យកងអាវុធហត្ថុជប៉ុន ដើម្បីគេចខ្លួនឲ្យផុតពីកណ្ដាប់ដៃបារាំងសែស ក្នុងគោលបំណងដឹកនាំក្រុមបដិវត្តន៍ក្នុងការរំដោះជាតិឲ្យបានសម្រេច។

ទាក់ទងរវាងលោក សឺង-ង៉ុកថាញ់ និងមេដឹកនាំខាងបាតុកម្ម បានប្រព្រឹត្តសកម្មភាពដោយមានលោក ប៊ុណ្ណ-ចន្ទម៉ុល ជាអ្នកនាំពាក្យ ទៅជម្រាបលោកប៉ាច-ឈឺន ដែលជាបុរសម្នាក់មានចិត្តរឹងដូចថ្ម។

រាត្រីថ្ងៃទី១៩កក្កដា មេដឹកនាំពួកបាតុករបានរៀបចំក្បូនដោយក្រុមៗ តាមកម្មវិធីរបស់ខ្លួនជាស្រេច។

ថ្ងៃទី២០ កក្កដា ក៏ចូលមកដល់...

ប្រជារាស្ត្រនិងព្រះសង្ឃខ្មែរ នៅទីក្រុងភ្នំពេញ ដៃកាន់ដងបដា ដើរសំដៅទៅវិមានទេសាភិបាលបារាំង នៅខាងលិចវត្តភ្នំ (ទីស្ដីការរដ្ឋមន្ត្រីក្រសួងផែនការសព្វថ្ងៃ) ប្រកបដោយទឹកមុខអង់អាចក្លាហាននិងខឹងផង។ នៅខាងលើផ្អាំងបដានោះមានចារិកពាក្យស្លោកថា «យើងខ្ញុំសូមឲ្យដោះលែងលោកគ្រូអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង មកវិញ»។

ពួកបាតុករ បានទៅដល់ការិយាល័យទេសាភិបាលបារាំងយ៉ាងកុះករ ដោយចំរុះដោយពណ៌លឿងផង ធ្វើឲ្យទិដ្ឋភាពនេះគួរគយគន់ឥតគណនា។

នៅមុខពួកបាតុកររាប់ម៉ឺននាក់ គេក្រឡេកឃើញលោក ប៉ាច-ឈឺន ឈរយ៉ាងសង្ហា គ្មានព្រឺរោមខ្លាចពួកបារាំងយង់ឃ្នងធ្វើបាបអ្វីឡើយ។ មុនដំបូងលោកប៉ាច-ឈឺនបានរ៉ាយរ៉ាប់ប្រាប់បារាំងពីហេតុការណ៍ផ្សេងៗ និងសុំជួបទេសាភិបាលបារាំង តែបារាំងឲ្យចូលពីរបីនាក់ប៉ុណ្ណោះ។ ក្រុមបាតុករមិនព្រមព្រោះខ្លាចពួកវាចាប់ទៀត។ ពេលនោះដោយមនុស្សច្រាលចុះច្រាលឡើង ធ្វើឲ្យលោកប៉ាច-ឈឺនជ្រុលខ្លួនចូលក្នុងរបងការិយាល័យរបស់បរទេស ហើយបារាំងក៏បិទទ្វារ រួចវានាំមេបាតុករតាមផ្លូវក្រោយបាត់ទៅ។

ឃើញបារាំងចាប់លោកប៉ាច-ឈឺនដូច្នេះ ក្រុមបាតុករទ្រាំមិនបាន ក៏បះគិលវាយគិញបារាំង យួនបែកក្បាលហូរឈាមឡើង។ ព្រះសង្ឃដេញចាប់បារាំងនឹងដងឆ័ត្រ ព្រោះតែខឹងគេធ្វើបាបសាស្ត្រាចារ្យរបស់ខ្លួន។ ចំណែកគ្រហស្ថប្រើដុំថ្ម ដុំបងនិងកូនតឹងជាអាវុធដែរ។

ការបះបោរវាយដូច្នេះ ធ្វើឲ្យខ្ួចគំរោងការអស់រលឹង ដែលលោកសឺង-ង៉ុកថាញ់បានទាក់ទងឲ្យជប៉ុនជួយធ្វើអន្តរាគមន៍ បើប្រសិនណាទេសាភិបាលបារាំងមិនដោះលែងវីរជនទាំងពីរទេ (សូមអានគុកនយោបាយរបស់លោក ប៊ុណ្ណ-ចន្ទម៉ុល)។

ពេលកំពុងវាយប្រឡុកគ្នានោះ ពួកបារាំងបានថតរូបបាតុករ ដើម្បីស្រួលដើរតាមចាប់។ ព្រះភិក្ខុ ប៉ាង-ខាត់ និងព្រះអាចារ្យ អ៊ុក-ជា, លោកប៊ុណ្ណ-ចន្ទម៉ុល, លោកជុំ-មួង, ភិក្ខុធម្មបាល ខៀវ-ជុំ ។ល។ បានរត់គេចខ្លួនយ៉ាងរហ័ស។ ជនណាយឺតដំណើរក៏ត្រូវពួកបារាំងចាប់ដាក់គុកអស់។

ព្រះតេជព្រះគុណ ប៉ាង-ខាត់ គេចខ្លួនរួច ហើយបែរជានិមន្តទៅឲ្យបារាំងចាប់ដោយចិត្តក្លាហានជាទីបំផុត។ លោកប៊ុណ្ណ-ចន្ទម៉ុលក៏ត្រូវបារាំងចាប់ដែរ។

រីឯព្រះអាចារ្យ អ៊ុក-ជា និងភិក្ខុធម្មបាល ខៀវ-ជុំ បាននិមន្តភៀសខ្លួនទៅកាន់ប្រទេសសៀមទាំងទឹកភ្នែក។ (ព្រះអាចារ្យ អ៊ុក-ជា គង់នៅស្រុកសៀមរហូតមកដល់សព្វថ្ងៃ)។

ចំណែកលោក ជុំ-មួង ក៏បានគេចខ្លួនទៅបាត់ដំបងដែរ។

ខ្មែរអ្នកស្នេហាជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលចាប់បាន គេដាក់ក្នុងគុកឃាំង រួចបញ្ជូនទៅគុកធំភ្នំពេញទុកកាត់ទោស។

ចំណែកស្ដេចសីហនុ គ្មានគិតបញ្ហាប្រទេសជាតិទេ គឺគិតតែសប្បាយនឹងស្រីញី រាំរែក ពេញចន្ទឆាយា ពុំជួយឈឺឆ្អាលពួកបាតុករសោះ ដែលជាចូលដៃនឹងបារាំងជេរព្រះសង្ឃថា «អាត្រងោលបួសបំផ្លាញបាយ» ទៅវិញ ហើយថែមទាំងហាមឲ្យសិស្សសាលាបាលីជាន់ខ្ពស់ប្រើឆ័ត្រដងដែកទៀតផង។

បាតុកម្មនេះពុំបានសម្រេចដូចគោលបំណងទេ គឺហាក់ដូចជាគ្រាន់តែធ្វើឲ្យជាការសាកល្បង ឲ្យខ្មែរទូទៅដឹងខ្លួនប៉ុណ្ណោះ។

ក្រោយមកអ្នកទោសនយោបាយ ក៏ត្រូវបារាំងបញ្ជូនទៅព្រៃនគរតាមកប៉ាល់ដើម្បីកាត់ទោស។

កថាទីប្រាំមួយ

ការកាត់ទោសប្រហារជីវិត

នាវាស្រែកលាកំពង់ផែភ្នំពេញ «បីវូម» ក៏ទម្លាក់កន្ទុយហើយធ្វើដំណើរគ្រឿងៗទៅ។

នៅលើនាវា លោកគ្រូអាចារ្យ ហែម-ចៀវ, លោកប៉ាច-ឈឺន, លោក នួន-ឌួង និងអ្នកទោសឯទៀតជើងជាប់ច្រវាក់ សម្លឹងមើលកំពូលវត្តឧណ្ណាលោម សម្តែងនូវសេចក្ដីអាលោះអាល័យមាតុភូមិ មិនចង់ឃ្លាតឆ្ងាយទេ។ លោកស្តាយខានបានរស់នៅជាមួយជនរួមឈាមជាទីស្នេហា! ស្តាយខានឃើញមុខឩបាសកឧបាសិកា ដែលតែងពិគ្រោះគ្នាអំពីបញ្ហាជាតិ-សាសនា។

លោកអាចារ្យកំសត់លើកដៃទាំងពីរ ប្រណមហើយពោលខ្សឹបៗ៖

  • ខ្ញុំម្ចាស់សូមថ្វាយព្រះបង្គំលាហើយ! មិនដឹងថ្ងៃណាបានជួបវិញទេ! សូមព្រះបារមីជួយថែរក្សាទូលព្រះបង្គំផង! ទូលបង្គំចង់រស់តទៅទៀតដើម្បីស្រោចស្រង់ប្រទេស ដែលលិចលង់ច្រើនឆ្នាំមកហើយណាស់...។

ឱកន្លែងដ៏មនោរម្យ! ដែលធ្លាប់ផ្ដល់នូវវិជ្ជានិងសេចក្ដីសុខគ្រប់បែបយ៉ាង! ខ្ញុំអាត្មាទេ! ទោះបីអាចោរព្រៃសម្លាប់ខ្ញុំ ក៏វិញ្ញាណក្ខន្ធខ្ញុំហើរមកនៅទីនេះដែរ។ សូមអ្នកអភ័យទោសដល់ខ្ញុំ ដែលមិនបានចូលលាដល់កន្លែង ព្រោះខ្ញុំជាមនុស្សមានទោស មិនអាចមានសេរីភាពធ្វើអ្វីកើតតាមចិត្តចង់! តែខ្ញុំមិនតូចចិត្តឡើយ នូវទោសកំហុសដែលបារាំងវាចោទ ដោយសារខ្ញុំស្រឡាញ់ជាតិ-សាសនា។ ខ្ញុំស្លាប់ក៏ស្លាប់ចុះឲ្យតែជាតិ! សាសនារស់...។

កប៉ាល់បើកមកដល់មុខវាំង ញ៉ាំងចិត្តលោកគ្រូអាចារ្យ ហែម-ចៀវ និងមិត្តភក្តិឯទៀតឲ្យក្ដៅឆេះឆួលហួសប្រមាណ។ លោកស្តាប់ខ្ពើមពួកស្ដេចដែលកាចឃោរឃៅ សម្លាប់មនុស្សគ្មានពិចារណា រកយុត្តិធម៌ គ្មានគិតប្រជារាស្ត្រក្រីក្រ ល្ហេមល្ហាម ដែលពួកបរទេសសង្កត់សង្កិន មានចិន យួន បារាំងជាដើម។ មើលចុះវាំងប្រាសាទរបស់គេមានរស្មីភ្លឺរន្ទាល អស់លុយជាតិរាប់រយលាន! ចំណែកលំនៅប្រជារាស្ត្រ រកតែស្លឹកបាំងមិនជិតទឹកភ្លៀងនិងកំដៅផង! គេទុកខ្លួនគេជាអ្នកគ្រប់គ្រងប្រជារាស្ត្រ។ តែតាមពិតពួកគេជាបក្សនៃប្រជារាស្ត្រទើបត្រឹមត្រូវ ទើបសមនឹងសកម្មភាពដែលគេបានប្រព្រឹត្ត។ ការឈឺចិត្ត ការភ្ញាក់រលឹករបស់លោកអាចារ្យ ហែម-ចៀវ មានតាំងពីលោកនៅជាសិស្សសាលាបាលីជាន់ខ្ពស់ម៉្លេះ។ លោកជាមេបដិវត្តន៍ដ៏ឧត្តមម្នាក់ដែលយើងកម្រនឹងបានជួប។

បន្តិចក្រោយមក នាវាចំបាំងដឹកអ្នកទោសនេះ ក៏មកដល់មុខសាលាបាលីជាន់ខ្ពស់ ដែលជាទីបណ្ដុះវិជ្ជារបស់លោក។ លោកសម្លឹងកំពូលសាលាដោយចុកណែនឱរា ហើយបង្កើតសម្លេងតាមខ្យល់ទៅសិស្សកំសត់៖

  • ឱសិស្សជាទីស្នេហាអើយ! តើអ្នកបានគ្រូណាបង្រៀនអ្នកទៀត! បើខ្ញុំត្រូវបរទេសគេដឹកទៅប្រហារជីវិតដូច្នេះ! ខ្ញុំមិនចង់ឃ្លាតអ្នកទេ! អ្នកជាសិស្សប្រកបដោយធម៌ ចេះស្រឡាញ់វិជ្ជាដូចចិត្តគ្រូប្រកបដោយប្រាថ្នា! ថ្ងៃនេះខ្ញុំឃ្លាតពីអ្នកហើយ! ចូរអ្នកខំសិក្សាជាមួយគ្រូថ្មីឲ្យមែនទែន បើអ្នកពិតជាស្រឡាញ់ខ្មែរមែន! ចូរអ្នកខំរក្សាកិត្តិយស សាសនា យើងកុំឲ្យសាបសូន្យណា៎! ខ្ញុំគ្មានអ្វីផ្ញើមកអ្នកក្រៅពីបណ្ដាំមួយម៉ាត់នេះទេ គឺបើអ្នកស្រឡាញ់ខ្ញុំ ទុកខ្ញុំជាគ្រូត្រូវខំរៀន ហើយរំដោះប្រទេសឲ្យបានឯករាជ្យឡើង។

ជយោសាលាបាលី! ខ្ញុំលាហើយ, លាទាំងមិនបានឃើញមុខអ្នករាល់គ្នា, លាហើយកន្លែងធ្លាប់រៀន, ធ្លាប់ជំនុំគ្នា! លាហើយមាតុភូមិជាទីស្នេហាស្មើដោយជីវិត! ហើយញោមញាតិ ដែលធ្លាប់ស្រឡាញ់រាប់អានគ្នាឥតមានហ្មង... លាហើយក្រុងកំសត់ដែលត្រូវគេសង្កត់សង្កិន! លាហើយប្រិយមិត្រដែលគិតប្រយោជន៍ជាតិ! ខ្ញុំលាទាំងអាល័យនិងឈឺចិត្តជាទីបំផុត!

ចំណែកលោក នួន-ឌួង និងលោក ប៉ាច-ឈឺន ក៏មានដុំទុក្ខដូចជាលោកគ្រូហែម-ចៀវ ដែរ។ លោកប៉ាច-ឈឺនក្ដី, លោក នួន-ឌួងក្ដី, លោកគ្រូអាចារ្យហែម-ចៀវក្ដី និងអ្នកឯទៀតក្ដី គ្មានស្ដាយស្រណោះជីវិតទេ តែសាកស្ដាយខានបានបំពេញសកម្មភាព ដើម្បីរំដោះជាតិឲ្យរួចពីនឹមដែកអាណានិគមនិយមបារាំងឲ្យរួចសិន។

ការគិតវែងឆ្លាតនូវបញ្ហាជាតិទាំងនេះហើយ ដែលធ្វើឲ្យជលនេត្រវីរបុរសខ្មែរយើងហូរដោយមិនដឹងខ្លួន។ លោកទាំងនេះពុំបានសន្ទនាគ្នានៅតាមសម្លេងទេ គឺគ្រាន់តែសន្ទនាតាមខ្សែភ្នែកប៉ុណ្ណោះ។

ដំណើរនាវាទៅមុខជានិច្ច ឥតគិតដល់មនុស្សដែលមានទុក្ខទោសហួសព្រំពីបានសោះឡើយ។ ទេសភាពដងទន្លេពីភ្នំពេញទៅព្រៃនគរមានសភាពក្រៀមក្រំស្ងំស្ងៀមឈឺង ហាក់ដូចជាឈរគោរពវីរបុរសដែលបារាំងដឹកទៅកាត់ទោសនៅក្រុងព្រៃនគរក្នុងពេលខាងមុខនេះ។ សភាពស្ងប់ស្ងាត់នេះ រឹងរឹតតែទាញព្រលឹងវីរជនយើងឲ្យរំភើបឥតឧបមា។

នៅពេលដែលនាវាបើកហួសព្រំប្រទល់ដែនខ្មែរ លោកនួន-ឌួង បានបន្លឺតម្លេងទៅកាន់លោកអាចារ្យហែម-ចៀវដោយញ័រៗ៖

  • ព្រុះតេជព្រុះគុណ! យើងឃ្លាតពីមាតុភូមិយើងហើយ!

  • អើលោក! នេះជាការធម្មតារបស់យើងទេ... សូមកុំទោមនស្សអី!

  • ពិតមែនហើយ! តែព្រលឹងខ្ញុំវាមិនព្រមដាច់អាល័យពីខ្មែរយើងសោះ!

  • អើ! ខ្លួនខ្ញុំក៏យ៉ាងនោះដែរ! ខ្ញុំមិនអាចបំភ្លេចជាតិយើងបានទេ ទោះបីបារាំងសម្លាប់ចោលក៏ដោយ ខ្ញុំមិនគិតដែរ គឺខ្លាចតែប្រទេសយើងពុំបានសេរីភាពប៉ុណ្ណោះ។

លោក នួន-ឌួង ឆ្លើយ៖

  • មិនអីទេ ខ្មែរយើងភ្ញាក់រលឹកខ្លះហើយព្រះតេជព្រះគុណ!

កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្ដិ២បារាំងដើរមកជិតហើយស្រែក៖

  • ឈប់ជជែកគ្នាទៅ! រៀបចំខ្លួនឡើងដល់ផែឥឡូវហើយ!

អ្នកទោសទាំងអស់ក៏ធ្វើតាមបារាំងនោះ។

ដល់ព្រៃនគរ រថយន្តទ្រុងមួយបានមកដឹកអ្នកទោស យកទៅដាក់ក្នុងគុកធំ។

អំពើយង់ឃ្នងនៅគុកព្រៃនគរ ក៏ដូចជានៅគុកធំភ្នំពេញដែរ។

ពួកអ្នកចូលថ្មី តែងទទួលថ្នាំខ្លាំងពីអ្នកទោសដៃឆើតស្ទើរគ្រប់គ្នា។ អំពើប្រាចាកមនុស្សធម៌នេះកើតដោយសារពួកបារាំងវាបង្កើតឡើង កុំឲ្យអ្នកទោសត្រូវគ្នាអ្នកទោស គឺជានយោបាយបំបែកបំបាក់ ដើម្បីស្រួលត្រួតត្រាទៅទៀត។ ខ្មែរអ្នកទោសខ្លះដោយបារាំងកាន់ជើង ខ្លួនក៏ឡើងដៃ វាយធ្វើបាបជាតិឯងគ្មានគិតមុខគិតក្រោយអ្វីសោះ។

ពេលចូលទៅដល់ លោក នួន-ឌួង បានត្រូវមេតម្រួតគុកព្រៃនគរវាយធាក់រហូតសន្លប់បាត់ស្មារតី លែងដឹងខ្លួននៅចំពោះអ្នកទោសជាច្រើនព្រះតែលោកឆ្លើយថា «ក្បត់បារាំង»។ អំពើនេះធ្វើឲ្យកល្យាណមិត្តលោកអាណិតស្ទើរភ្លេចស្មារតី។

អាចារ្យ ហែម-ចៀវ ឃើញមិត្តខ្លួនទទួលទណ្ឌកម្មដ៏សាហាវដូច្នេះ លោកបារម្ភក្នុងចិត្តខ្លះដែរ ដោយខ្លាចទទួលរង្វាន់អប្រិយពីជនទុយ៌ស ដូចលោក នួន-ឌួង។ តែខណៈនោះលោកនឹកឃើញ «នេះជាការធម្មតារបស់អ្នកទោសទេ! នេះហើយជាស្ថាននរកលោកិយ! អញមិនត្រូវរុញរាឡើយ...»

បន្ទាប់ពីពួកនវាធ្វើបាបលោកអារ្យ នួន-ឌួង អស់ចិត្តហើយ ជនអប្រិយនោះក៏មកហៅអាចារ្យ ហែម-ចៀវ ទៅសួរម្ដង។ លោកអាចារ្យក៏ចូលទៅជិតតាមទម្លាប់គេនិយមអនុវត្តនោះ ដោយមិនហ៊ានងើបមើលមុខគេផង។ មេត្រួតត្រាក៏បោះសំដីទាំងកំរោលទៅកាន់អាចារ្យហែម-ចៀវ៖

  • ចុះអាទ្រើកនោះមានរឿងអីដែរ?

លោកអាចារ្យក៏ឆ្លើយទៅវាវិញ៖

  • ប្របាទព្រះតេជព្រះគុណម្ចាស់! ខ្ញុំបាទត្រូវបារាំងចាប់ជាមួយគ្នា ដោយសង្ស័យថាខ្ញុំក្បត់បារាំង, តែតាមពិតបារាំងគេនិមន្តខ្ញុំ ឲ្យដើរទេសនាពន្យល់អ្នកស្រុក…

ទាហានកុំឲ្យទាស់គ្នា។ លុះឃើញពួកទាំងនោះចូលចិត្តខ្ញុំបាទច្រើន បារាំងភ័យខ្លាចខ្ញុំបំបះបំបោរ គេក៏ចាប់ខ្ញុំបាទមក!

  • អើមិនអីទេអាឯងរួចខ្លួន! ទៅកន្លែងវិញចុះ!

ចាប់តាំងពីចូលមកនៅក្នុងគុកព្រៃនគរ លោកអាចារ្យ ហែម-ចៀវ មិនដែលអាកប្បកិរិយាច្រឡើសបើសទេ, លោកតែងនិយាយណែនាំអប់រំអ្នកទោសខ្មែរឲ្យស្រឡាញ់អ្នកទោសខ្មែរ កុំឲ្យភ្លេចជាតិខ្លួន។ មិនត្រឹមតែខ្មែរយើងទេដែលស្រឡាញ់លោកអាចារ្យ សូម្បីតែពួកជាប់ពន្ធធនាគារជាមួយក៏ស្រឡាញ់គោរពដល់លោកជារឿយៗដែរ។

កិរិយាសុភាពរាបសា សំដីពិរោះ ចិត្តល្អមិនចេះឈ្នានិសជនណាមួយដូចលោកអាចារ្យ ហែម-ចៀវ តែងបានទទួលនូវសេចក្ដីអាណិតអាសូរពីអ្នកទោសជានិច្ច។ គេបានដាក់លោកទាំងពីរនៅលើអាគារជាន់ទី៤ បន្ទប់លេខ៣។ គុកព្រៃនគរមានសភាពស្អាតស្អំធំទូលាយជាងគុកនៅភ្នំពេញច្រើន ហើយសំលៀកបំពាក់សោតក៏ល្អជាងភ្នំពេញដែរ។ តើបញ្ហានេះមកពីអ្វី បើយើងទាំងពីរកញ្ជះបារាំងដូចគ្នា?

ការជំនុំអ្នកទោសខ្មែរយើងពីរបីដងទៅហើយ នៅតែមិនទាន់សម្រេចថាយ៉ាងណាសោះ។ ឃើញតែព្រះអាចារ្យ ប៉ាង-ខាត់ មួយត្រូវរួចវិលមកភ្នំពេញវិញ។

«ចំណែកអស់លោកឯទៀតកំពុងនិន្ទ្រាគងថ្ងាស ជញ្ជឹងគិតថា តើវាសនាអញនឹងធ្លាក់ដល់ណា! តែស្អីក៏ស្អីទៅចុះ ព្រោះជីវិតអញៗបានបូជាជូនជាតិស្រេចទៅហើយ»។ ការប្ដេជ្ញាចិត្តបែបនេះហើយ ដែលធ្វើឲ្យវីរបុរសទាំងនោះគ្មានតក់ស្លុតអ្វីសោះ។ រហូតមកដល់មានអស់លោកខ្លះ ស្រែកជេរឲ្យស័ក្ដិប្រាំបារាំងថា៖

  • «ពួកអារ៉ែងចង់ធ្វើអីអញក៏ធ្វើទៅចុះ! អាចោរលួចប្រទេសអញ! អញខ្ពើមរស់ក្រោមការជិះជាន់របស់អាឯងណាស់អាហន្ទយុំ! អាកំសាក! សម្លាប់អញទៅ!»

ថ្ងៃកាត់ទោសក៏មកដល់!

ក្រោយពីជំនុំជំរះសម្រេចសេចក្ដីមក លោកស័ក្ដិប្រាំចាងហ្វាងតុលាការស៊ីវិលបានសំណុំរឿង ចេញមកឈរនៅចំពោះមុខអ្នកទោសខ្មែរយ៉ាងក្លាហាន ដោយមានខ្មែរយើងម្នាក់ជាអ្នកបកប្រែភាសាអមផង។ ជាបឋមគេហៅឈ្មោះលោកប៉ាច-ឈឺន។ លោកប៉ាច-ឈឺន ក្រោកឈរយ៉ាងសង្ហាការរួចឆ្លើយ៖

  • បាទ!

  • អ្នកឯងត្រូវមានទោសប្រហារជីវិតបង់! ឯលោកហែម-ចៀវ ក៏មានទោសប្រហារជីវិតដែរ! លោក នួន-ឌួង ក៏មានទោសប្រហារជីវិតដែរ! ចំណែកលោកប៊ុណ្ណ-ចន្ទម៉ុល មានទោសគុក៤ឆ្នាំ និងនិរទេសមិនឲ្យចូលស្រុក១៨ឆ្នាំទៀត។ល។

ក្នុងចំណោមអ្នកទោសតាំងនេះមានតែលោកប៊ុណ្ណ-ចន្ទម៉ុលម្នាក់ទេដែលភ័យខ្លះ ព្រោះលោកមានវ័យក្មេងជាងគេ។ ចំណែកលោកប៉ាច-ឈឺន, អាចារ្យហែម-ចៀវ, អាចារ្យនួន-ឌួង នៅមានស្មារតិរឹងប៉ឹងដដែល។ លោកទាំងបីប្រាណញញឹមដោយការឈឺចាប់ឥតឧបមា ចំពោះការកាត់ទោសដ៏លាមកនេះ។

បន្ទាប់មកលោកស័ក្ដិប្រាំនោះ ក៏ពោលមកកាន់អ្នកទោសប្រហារជីវិតបង់៖

  • យើងនឹងបញ្ជូនសំណុំរឿងអ្នកឯង ទៅសុំសំរេចទោសពីលោកឧត្តមសេនីយ៍ប៉េតាំង ប្រមុខរដ្ឋាភិបាលបារាំង ដើម្បីឲ្យលោកអនុគ្រោះទោសខ្លះដល់អ្នករាល់ត្នា។

សម្លេងរបស់លោកស័ក្ដិប្រាំចប់ដោយស្ងៀមស្ងាត់ គ្មានឮអ្នកទោសខ្មែរណាម្នាក់ ថ្លែងនូវអំណរគុណសោះឡើយ។ លោកស័ក្ដិប្រាំកំណាចនោះក៏បញ្ជាឲ្យភ្នាក់ងារគុក នាំអ្នកទោសវិលមកាន់ទីឃុំឃាំង។

រវាង២ខែក្រោយ លោកអាចារ្យហែម-ចៀវ មានចិត្តអាណិតអាសូរលោកប៊ុណ្ណ-ចន្ទម៉ុលនិងមិត្តឯទៀតណាស់ ដោយត្រូវគេបញ្ជូនទៅឲ្យនៅគុកឯកោះត្រឡាច។ ឯលោកទាំងបីមិនទាន់បញ្ជូនទៅភ្លាមៗទេ ព្រោះរង់ចាំសេចក្ដីសម្រេចចិត្តពីឧត្តមសេនីយ៍ប៉េតាំង សិន។

ដរាបណាខ្មែរលែងមានគំនិតក្ដិចខ្មែរ

ដរាបនោះជាតិយើងនឹងបានរុងរឿងមិនខាន។

កថាទីប្រាំពីរ

ព្រះអាចារ្យហែម-ចៀវ មរណភាពក្នុងគុកកោះត្រឡាច

ការរស់នៅក្នុងពន្ធនាគារមួយឆ្នាំ ប្រៀបដូចយើងរស់នៅខាងក្រៅមួយសតវត្ស។ លោកអាចារ្យហែម-ចៀវ ចាប់តាំងពីបារាំងផ្សឹកមក លោកមិនដែលទទួលទានអាហារល្ងាចទេ។ វីរជននេះមិនត្រឹមតែមិនពិសារអាហារល្ងាចប៉ុណ្ណោះទេ គឺលោករក្សាសីលប្រាំបីជាប់ជានិច្ចផង។

ទឹកភ្នែករបស់លោកអាចារ្យ តែងធ្លាក់ស្ទើររាល់ទិវារាត្រី ដោយឃើញមនុស្សទោសទាំងនេះ ត្រូវគេធ្វើបាបជាងសត្វតិរច្ឆានទៅទៀត។ ពេលនោះហើយដែលព្រះអាចារ្យ យកគុកជាសាលារៀន ស្ដីពីសង្គមសាស្ត្រ។ មហាបុរសនេះនឹកគិតថា «ក្នុងលោកសន្និវាសយើងនេះ គ្មានសត្វណាអាក្រក់ជាងមនុស្សយើងទេ! មួយថ្ងៃៗឃើញតែកាប់ចាក់ ទាត់-ធាក់-ដាក់ខ្នោះវាយដំ ប្រហារជីវិតគ្នាដោយឥតត្រាប្រណីអ្វីឡើយ។ មើលចុះ! អ្នកធំធ្វើបាបអ្នកតូច! ស្ដេចហុតឈាមរាស្ត្រ សម្លាប់រាស្ត្រតាមទំនើងចិត្តរបស់គេ។

ប្រទេសតូចតាចត្រូវមហាអំណាចប្លន់ត្រួតត្រា! អ្នកស្រែចម្ការធ្វើការពីព្រលឹមទល់ព្រលប់ គ្មានបានរបស់អ្វីឆ្ងាញ់ក្រៅពីបាយនិងប្រហុកមួយខ្នប់ឡើយ។ ឯស្ដេចមន្ត្រីធំ នាយទុន ដេកស្រណុកស៊ីសុទ្ធតែម្ហូបឆ្នាញ់ៗ! មានតែស្ថានសួគ៌របស់មនុស្ស? គ្មានទេព្រះអើយ! មានតែស្ថាននរកអព្វមង្គលតែមួយប៉ុណ្ណោះ! ការពិតសង្គមមនុស្សចំរើនតែអំពើអយុត្តិធម៌ អមនុស្សធម៌ ហុតឈាមគ្នាឥតឈប់ឈរសោះតាំងពីផែនដីនេះកើតឡើង!

ឱបងប្អូនរួមជាតិអើយ! ចូរភ្ញាក់ស្មារតីឡើង ទើបយើងកំចាត់ពួកបារាំង ឬពួកអភិជនឲ្យវិនាសសាបសូន្យបាន! រាស្ត្រនេះហើយដែលដឹងទុក្ខធុរៈរាស្ត្រពិតប្រាកដ កុំចេះតែជឿសំដីបោកប្រាស់របស់គេនោះ មិនសមជាពុទ្ធបរិស័ទឡើយ។ ព្រះអង្គយកខ្លួនយើងជារំពឹង យកអ្នកដទៃជាពឹង មិនមែនជាវិធីទៅកាន់សេចក្ដីសុខទេ... យើងនឹងនាំខ្លួនយើងឲ្យធ្លាក់ចុះក្នុងទាសភាពគេមិនខាន។

ក្នុងវាលវដ្ដសង្សារដ៏ធំធេងនេះ គ្មានអ្វីប្រសើរជាងការធ្វើខ្លួនយើងម្នាក់ៗ ឲ្យមានសេរីភាពសម្បូរសប្បាយនោះឡើយ ចំណែកខ្លួនខ្ញុំ ៗរើបម្រះមិនរួចទេតាមផ្លូវកាយតែតាមផ្លូវចិត្តវិញខ្ញុំឈ្នះជនកំណាចឈ្លានពាននេះហើយ សូមបងប្អូនបន្តកិច្ចការនេះកុំបីរុញរាឲ្យសោះ ទើបយើងបានសុខ បើយើងខ្លាចឬមិនស្រុះស្រួលគ្នា ការប្រយុទ្ធរបស់យើងមុខជាមិនឈ្នះយ៉ាងដាច់ខាត។ ជីវិតយើងរស់គ្មានសេរី តើយើងបញ្ហាថោកទាបដូចសត្វតិរច្ឆាន? ខំទៅនឿយមុនស្រណុកក្រោយ!»។ លោកមិនចេះចប់មិនចេះហើយ ចំពោះសេចក្ដីទុក្ខរបស់ប្រជារាស្ត្រស្លុតត្រង់។

រំលងជាច្រើនខែមក ទើបឃើញលិខិតរបស់លោកបេតាំង ប្រមុខរដ្ឋាភិបាលបារាំងផ្ញើមកចាងហ្វាងតុលាការ អនុញ្ញាតឲ្យលោកទាំងបីនាក់ នៅត្រឹមជាប់គុកអស់មួយជីវិត ហើយធ្វើការជាទម្ងន់ផង។ ថ្វីបើការសម្រេចទោសយ៉ាងនេះក៏ដោយ លោកទាំងបីពុំសប្បាយចិត្តនឹងអំពើនេះទេ។ លោកមិនចង់រស់ទទួលគ្រោះថ្នាក់បែបនេះតទៅទៀតឡើយ... លោកចង់សម្លាប់ខ្លួនឲ្យហើយតែម្ដងទៅ! តែលោកចង់ឃើញវាសនាប្រទេសនឹងទៅបែបណា!

ខែមិថុនា១៩៤៣ លោកប៉ាច-ឈឺន, លោកនួន-ឌួង និងព្រះអាចារ្យហែម-ចៀវ ត្រូវបារាំងបញ្ជូនពីគុកធំព្រៃនគរទៅគុកធំឯកោះត្រឡាច។ គេដាក់លោកទាំង៣នៅគុកលេខ៤ ដែលជាកន្លែងទោសឩក្រិដ្ឋអស់មួយជីវិត។ ទីនេះហាមមិនឲ្យអ្នកចូលសួរសុខទុក្ខទេ។ អ្នកទោសត្រូវធ្វើការគ្រប់បែបយ៉ាង ដែលបារាំងវាតម្រូវឲ្យធ្វើ។

កោះត្រឡាច មានវិសាលភាពដ៏ធំធេង ស្ថិតក្នុងកណ្ដាលសមុទ្រ។ មានផ្ទះរាប់ពាន់ខ្នង សង់តាមមាត់សមុទ្រ... ព្រៃប្រឹក្សាគ្របលើភ្នំ គួរឲ្យសង្វេគ។ ដីមានជីរជាតិល្អណាស់។ គេឲ្យអ្នកទោសដាំដំណាំគ្រប់មុខ។ ជនដែលមានចិត្តស្រាលតែងនឹកស្រុកកំណើតស្ទើររាល់ថ្ងៃ។ អ្នកទោសត្រូវបង្ខំឲ្យធ្វើការជាងសត្វពាហនៈ។ មានជនខ្លះ រស់នៅលើកោះត្រឡាចបានតែពីរបីថ្ងៃក៏ឈឺស្លាប់ទៅ។

នៅរដូវរងារម្ដងៗ អ្នកទោសមានសេចក្ដីទុក្ខវេទនាសំបើមណាស់ ដោយខ្លួនគ្មានអ្វីការពារឲ្យបាត់ត្រជាក់បានទេ។

ព្រះអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង ដែលមិនសូវមានសុខភាពស្រាប់ផង ក៏មានជម្ងឺជាញឹកញយ។ លោករស់នៅក្នុងតំបន់ ដិក-យុក បានរវាង៦ខែក្រោយតែមានជម្ងឺមួលមករុករានកាយជាទម្ងន់។ ជម្ងឺកាន់តែដាបណាស់ទៅតាមកាលវេលា។

លោកអាចារ្យ ហែម-ចៀវ ក៏បន្លឺវាចាទៅកាន់អាចារ្យ នួន-ឌួង ជាកូនសិស្ស៖

  • អាចារ្យ នួន-ឌួង?

  • មានការអីព្រះតេជព្រះគុណ!...

  • អាការរោគខ្ញុំ ប្រហែលមិនជាទេអាចារ្យអើយ! ខ្ញុំស្តាយណាស់ ស្តាយដោយមិនបានវិលទៅជួបមុខប្រជារាស្ត្រយើងវិញ! ខ្ញុំមុខជាចោលឆ្អឹងនៅកោះត្រឡាចនេះជាមិនខាន សូមអាចារ្យឯងតាំងស្មារតីឲ្យមែនទែន បើខ្ញុំស្លាប់ទៅ! កុំតក់ស្លុតឲ្យសោះ ធ្វើម៉េចសង្ខារមនុស្ស រមែងស្លាប់ទៅជាធម្មតា។

  • ព្រះតេជព្រះគុណ! សូមកុំទាន់អស់សង្ឃឹមពេក មុខតែនឹងជាវិញទេ... គ្រូពេទ្យគេកំពុងព្យាបាលយើងរាល់ថ្ងៃ!

  • គេព្យាបាលយើងមែន តែគេធ្វើសោះនឹងខាន យើងឃើញស្រាប់ហើយមានថ្នាំអីឲ្យយើងផឹក! រោគមួលនៅទីនេះមិនមែនស្រួលមើលដូចនៅស្រុកយើងទេ ស្ទើរត្រូវស្លាប់... ខ្ញុំរាល់ថ្ងៃដេកចាំតែស្លាប់ប៉ុណ្ណោះ។ តែទោះបីយ៉ាងណាក៏ដោយ សុំធ្វើចិត្តព្រងើយកុំកើតទុក្ខអីចំពោះរូបខ្ញុំមួយ...។

  • យើងពីរនាក់គឺជីវិតតែមួយ... បើព្រះតេជព្រះគុណស្លាប់ ខ្ញុំក៏ស្លាប់ដែរ!។

  • វាពិតហើយអាចារ្យ ឌួង! យើងបានបំរើជាតិរួមគ្នា ជាប់គុកក៏រួមគ្នាទៀត។

ព្រះអាចារ្យ ហែម-ចៀវ ពោលមកដល់ត្រឹមណេះក៏អួល ដើររកហារមាត់និយាយតទៅទៀតពុំកើត ក៏ទាញកន្សែងជូតទឹកភ្នែក ដែលកំពុងរមៀលចេញពីរន្ធភ្នែកដ៏ខូង កាត់តាមថ្ពាល់ជ្រួញនៃរដ្ឋបុរសអភ័ព្វ។ រីឯលោក នួន-ឌួង ថ្វីបីលោកមានជម្ងឺដែរក៏ដោយ លោកនៅថែទាំបំរើគ្រូរបស់ខ្លួន ឥតហ៊ានដើរចោលទៅណាឡើយ។

  • ព្រះតេជព្រះគុណ កុំគិតច្រើនពេក!

សំដីលោក នួន-ឌួង ចេញទាំងរអាក់រអួលដូចកូនក្មេងត្រូវគេវាយដំ។ លោកមានឧទានវាចាបន្តទៅទៀត៖

  • បើសង្ខារយើងមិនអស់ មិនស្លាប់ទេ! យើងនឹងរស់នៅ ហើយបានវិលទៅស្រុកថែមទៀត។

  • អើខ្ញុំស្តាប់បានហើយ! តែពីយប់មិញនេះសុបិន្តនិមិត្តប្រាប់ខ្ញុំថា «សង្ខារចៀវឯងត្រូវអស់ពេលនេះហើយ!» អាចារ្យឌួង!

មិនមែនទេព្រះគុណ! គឺពិតជាការស្រមើស្រមៃរបស់ព្រះគុណ... សុំឲ្យព្រះតេជព្រះគុណសម្ងំសម្រាកកុំឲ្យនិយាយច្រើនពេក នាំតែអស់កម្លាំងឥតប្រយោជន៍ទេ...។

  • អាចារ្យ ឌួង តើលោកប៉ាច-ឈឺន បានដឹងថាខ្ញុំឈឺឬទេ?

  • លោកថាមិនដឹង! ពីម្សិលមិញលោកបានមកសួរសុខទុក្ខដែរ ប៉ុន្តែព្រះតេជព្រះគុណសន្លប់មិនដឹងខ្លួន!។

  • ចុះប្អូន ប៊ុណ្ណ-ចន្ទម៉ុល?

  • ប្អូនម៉ុលមិនទាន់មកទេ គ្រាន់តែផ្ញើថ្នាំមកនឹងគេឲ្យយើងថាមកមិនទាន់រួច។

  • ខ្ញុំចង់ឃើញមិត្តយើងទាំងអស់ណាស់ មុននឹងលាលោកនេះទៅ...

បម្លេងនេះរឹងរឹតតែធ្វើឲ្យបេះដូងអាចារ្យ នួន-ឌួង ញាប់ញ័រ ភ័យព្រួយ ចំពោះលោកគ្រូជាទីគោរព តែមួយក្នុងលោកដែលកម្រនឹងរកបាន។ ជលនេត្រលោកហូរឥតដឹងខ្លួន។ លោកគ្រូ ហែម-ចៀវ ទាញដៃលោក នួន-ឌួង មកដាក់លើដើមទ្រូងដូចជានឹកខ្លាំងណាស់។

នៅឯលើមេឃ ផ្គរលាន់គ្រហឹមកាន់តែរន្ថិនឡើងៗ ហាក់ដូចជាចង់ទាញព្រលឹងអាចារ្យ ហែម-ចៀវ ឲ្យផុតពីដីកោះត្រឡាចមួយរំពេច។ មេឃងងឹតស្លុបដុំពពកខ្មៅដេរដាស។

បន្តិចក្រោយមក ព្រះវរុណក៏បង្គុរដូចគេចាក់ទឹកពីក្អម ដែលធ្វើឲ្យអ្នកជម្ងឺរងារស្ទើរទ្រាំមិនបាន។

រំពេចនោះលោកប៊ុណ្ណ-ចន្ទម៉ុលក៏ចូលមកដល់ ឃើញលោកអាចារ្យទាំងពីរញ័រដូចកូនសត្វដូច្នេះ លោកមានចិត្តរំភើបឥតឧបមា ស្ទើរតែរកពាក្យនិយាយមិនរួច។ ទាំងបីនាក់មានមុខជោកដោយទឹកភ្នែកទាំងមិនដឹងខ្លួន។

  • លោកគ្រូ! បានស្រួលខ្លួនខ្លះឬទេ?

  • មិនអីទេប្អូនម៉ុល។

លោកអាចារ្យ ហែម-ចៀវ ប្រឹងញញឹមទាំងទឹកភ្នែក បែរមុខទៅកាន់លោកប៊ុណ្ណ-ចន្ទម៉ុល រួចបន្លឺវាចាថា៖

  • កុំព្រួយអីប្អូន! រូបខ្ញុំស្លាប់ចុះមិនស្តាយទេ ខ្ញុំស្តាយតែខានបានទៅឃើញវាសនាប្រទេសយើងប៉ុណ្ណោះ។ សូមកុំភ្លេចការបដិវត្តន៍របស់យើងណ៎ា! យើងត្រូវតែធ្វើឲ្យបានសម្រេចកុំបោះបង់ចោល!

  • បាទលោកគ្រូ! ដរាបណាខ្ញុំនៅរស់នឹងធ្វើតាមបណ្ដាំលោកគ្រូរហូតបានសម្រេចទើបឈប់។

  • លោកម៉ុលឯងចេះតែបានសុខសប្បាយទេឬសព្វថ្ងៃ?

  • បានសុខសប្បាយទេ!

  • លោកម៉ុលឯងល្មមវិលទៅវិញចុះ ក្រែងគេធ្វើទោស យើងទាំងពីរត្រេកអរណាស់ ដែលលបមកសួរជម្ងឺខ្ញុំដូច្នេះ!

  • បាទមិនអីទេ! ខ្ញុំចង់មកថែទាំណាស់ តែធ្វើទៅពុំកើត!

  • កុំគិតវែងឆ្លាយពេក នៅទីនេះមិនមែនផ្ទះយើងទេ យើងបានជួបមុខគ្នាប៉ុណ្ណោះ គឺជាសំណាងធំហើយមែនទេឌួង?

  • ត្រូវហើយ! ទីនេះជាស្ថាននរក មិនមែនជាមន្ទីរពេទ្យទេ។

ការសន្ទនាគ្នាផ្សេងៗបានប្រព្រឹត្តទៅអស់រយៈជិតមួយម៉ោង ទើបលោកប៊ុណ្ណ-ចន្ទម៉ុលវិលត្រឡប់ទៅកន្លែងវិញ។

មួយថ្ងៃកន្លងមក ស្ដេចមច្ចុរាជក៏មកផ្ដាច់សង្ខារលោកគ្រូអាចារ្យ ហែម-ចៀវ ចោលលោក នួន-ឌួង ឲ្យនៅតែឯងត្រមង់ត្រមោចកណ្ដាលកោះត្រឡាច។ មហាបុរសរដ្ឋនេះបានទទួលមរណៈក្នុងជន្មាយុ៤៥ឆ្នាំ ក៏ព្រោះតែស្រឡាញ់ជាតិមាតុភូមិមិនព្រមរស់នៅក្រោមអាណានិគមនិយមបារាំងសែស។

ពីរថ្ងៃក្រោយមក លោកប៊ុណ្ណ-ចន្ទម៉ុល បានមកសួរទៀត ស្រាប់តែបាត់លោកគ្រូអាចារ្យ ហែម-ចៀវ ឃើញតែលោក នួន-ឌួង កំពុងសម្រាន្តដោយអស់សង្ឃឹម៖

  • ប្អូនម៉ុល! លោកគ្រូអាចារ្យយើងស្លាប់ទៅហើយ!

  • លោកស្លាប់ពីថ្មើរណា? មានផ្ដាំអ្វីខ្លះទេ?

  • លោកស្លាប់ពីរថ្ងៃហើយ! ស្លាប់នៅលើភ្លៅរបស់ខ្ញុំ! មុននឹងស្លាប់លោកបាននិយាយថា «សូមអាចារ្យឯងប្រាប់មិត្តទាំងឡាយថា ខ្ញុំមិនរស់ទេ» ការកសាងទឹកតែម្នាក់ឯង ពុំបានសម្រេចជោគជ័យជាដាច់ខាត, ត្រូវរួមគ្នាគ្រប់ជាន់ថ្នាក់ឲ្យបានច្រើន ហើយចេះតែធ្វើតទៅទៀត! ចូរអស់លោកខំកសាងជំនួសរូបខ្ញុំតទៅទៀតចុះ។ ខ្ញុំពរដែនដីម្នាក់ឯងមិនរួចទេ... ផែនដីយើងទាំងអស់គ្នា... ខ្ញុំមិនខ្លាចសេចក្ដីស្លាប់ទេ តែខ្ញុំនៅនឹកស្តាយត្រង់មិនបានឃើញប្រទេសកម្ពុជាបានឯករាជ្យម្យ៉ាងប៉ុណ្ណោះ។ សូមលោកនៅឲ្យបានសុខកុំបីខាន... បើចង់ឲ្យប្រទេសយើងបានសុខវរៀចំជាសាធារណរដ្ឋ កុំភ្លេចណា! ខ្ញុំលាហើយលោក...»។

បណ្ដាំដ៏មានខ្លឹមសារនេះ ធ្វើឲ្យលោកប៊ុណ្ណ-ចន្ទម៉ុលកត់ត្រាទុកក្នុងបេះដូងរហូតដល់សព្វថ្ងៃ។ លោកបានទៅរៀបចំផ្លូរឲ្យវីរបុរសយើងយ៉ាងសមរម្យទៀតផង។

មិត្តអ្នកអានជាទីមេត្រី! ព្រះអាចារ្យ ហែម-ចៀវបានស្លាប់នៅកោះត្រឡាចក៏មែនហើយ តែព្រលឹងរបស់លោកហោះហើរមកសណ្ឋិតក្នុងខួរក្បាលកូនខ្មែរស្នេហាជាតិគ្រប់ៗកាល។ ដោយសារវីរភាពរបស់លោកនេះហើយ ដែលធ្វើឲ្យខ្មែរយើងឲ្យនាំគ្នាធ្វើនយោបាយ ដេញបារាំងទទាត់ចេញពីមាតុភូមិយើង រហូតដល់បានរបបសាធារណរដ្ឋ។

យើងទាំងអស់គ្នា សូមគោរពវិញ្ញាណក្ខន្ធរបស់លោកគ្រូអាចារ្យ ហែម-ចៀវ...

រដ្ឋបុរសខ្មែរ និងកល្យាណមិត្តលោកលុះដល់ថ្ងៃស្លាប់។

អ្នករៀបរៀង

គង់-សម្គារ

ពិធីទទួលអដ្ឋិធាតុអាចារ្យ ហែម-ចៀវ

នៅថ្ងៃទី៤ កក្កដា ១៩៧២ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយ ដែលរដ្ឋាភិបាលបាននាំព្រះអដ្ឋិធាតុព្រះអាចារ្យ ហែម-ចៀវ ពីកោះត្រឡាចមកធ្វើបុណ្យនៅប្រទេសយើងវិញ ក្រោមអធិបតីភាពនៃសម្តេចសង្ឃទាំងពីរគណៈ និងលោកប្រធានាធិបតីលន់-នល់ ព្រមទាំងជនរួមឈាមជាច្រើនផង។

ធាតុវីរបុរសនេះ បានតម្កល់ទុកនៅវត្តឧណ្ណាលោមសព្វថ្ងៃ។

បន្ថែមពិសេស

ព្រះអាចារ្យ ហែម-ចៀវ «កើត» សាជាថ្មី

អ្នកតស៊ូខ្មែរមួយរូប ក្នុងចំណោមអ្នកតស៊ូជាច្រើនទៀត ដែលបានបូជាជីវិត ក្នុងការប្រយុទ្ធប្ដរផ្ដាច់ប្រឆាំងនឹងការជិះជាន់សង្កត់សង្កិន របស់អាណានិគមនិយមបារាំង ហើយដែលត្រូវប្រវត្តិសាស្ត្រជាតិ បានបំភ្លេចចោលក្ខុសម័យរាជានិយម បានទទួលកិត្តិយសរស់ឡើងវិញ។ គឺឆ្លឹងរបស់លោកអាចារ្យ ហែម-ចៀវ ដែលគេបានបំបរបង់ទុកចោលនៅបរទេសស្រុកយួន បណ្ដាលឲ្យពេលវេលាស៊ីបំផ្លាញបំបាត់ភស្តុតាងយ៉ាងងាយបំផុតនូវវីរភាពមួយ ទើបតែនឹងត្រូវដឹកនាំតាមយន្តហោះ វិលត្រឡប់មកកាន់ទឹកដីដែលបានផ្ដល់កំណើតដល់លោក ហើយលោកបានបង្ហូរឈាមដើម្បីតបស្នងគុណវិញ។

កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ (ថ្ងៃទី៤កក្កដា១៩៧២) ពិធីបុណ្យតាមប្រពៃណីសាសនា បានចាត់ចែងឡើងយ៉ាងឩឡារិក ដើម្បីផ្ដល់កិត្តិយសដល់ការតស៊ូ ដែលលោកអាចារ្យ ហែម-ចៀវ បានបូជាជីវិតជូនជាតិ។ ពិធីបុណ្យនេះបានធ្វើឲ្យចិត្តខ្មែររំភើប បានអង្រន់មនសិការឲ្យនឹកទៅដល់សំរែកឈឺចាប់ ដែលខ្មែរបានទទួលដល់ទឹកភ្នែកនិងដំណក់ឈាម ដែលអ្នកស្នេហាជាតិខ្មែរបានសម្រក់ដោយសារស្រឡាញ់ជាតិ ខំការពារជាតិយ៉ាងមានះ ឲ្យបានគង់វង្ស ចំញេះការជិះជាន់របស់ពួកអាណានិគមនិយម ដែលពុំញញើតដៃនឹងសម្លាប់បំផ្លាញបំបាត់ក្រុមបញ្ញវន្តយើង។

លោកអាចារ្យ ហែម-ចៀវ បានស្លាប់ចោលឆ្លឹងនៅក្នុងគុកឯកោះត្រឡាច ដែលជាមណ្ឌូលដាក់ទណ្ឌកម្ម ធ្វើឲ្យទារុណកម្មដល់ពួកបះបោរនៅឥណ្ឌូចិនដែលហ៊ានតស៊ូប្រឆាំងនឹងអំណាចផ្ដាច់ការរបស់អាណានិគមនិយមបារាំង។ ក្រៅពីឈ្មោះលោក ហែម-ចៀវ គេអាចរៀបរាប់រាយឈ្មោះអ្នកតស៊ូខ្មែរដ៏ច្រើនទៀត ដែលបានទទួលរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារស្នាដៃបារាំងមាន ក្រឡាហោមគង់, អាចារ្យស្វា, ពោរកំបោរ ជាដើម និងការឃុបឃិតក្បត់ជាតិរបស់ខ្មែរខ្លះ ដែលបានលក់ខ្លួនប្ដូរផ្ដាច់ផ្គាប់ចិត្តចៅហ្វាយបរទេស។

ក្នុងសម័យរាជនិយមសក្ដិភូមិ អ្នកកាន់អំណាចតែភ័យព្រួយបារម្ភចំពោះគំនិតបដិវត្តន៍។ ហេតុនេះជីវប្រវត្តិនៃអ្នកតស៊ូដើម្បីជាតិ មានការប្រឆាំងនឹងពួកអាណានិគមនិយមជាដើម បានត្រូវគេបំភ្លេចចោលបំផ្លាញស្នាដៃបំបាត់ភស្តុតាង ហើយខំបំប៉នទំព័រប្រវត្តិសាស្ត្រឲ្យលើកដំកើងវណ្ណៈ ដែលបានទទួលបុព្វសិទ្ធិក្នុងការជិះជាន់ ប្រវ័ញ្ជពីជិតក្ដីឆ្ងាយក្ដី លើប្រជារាស្ត្រតែប៉ុណ្ណោះ។ ហេតុនេះទៀត អក្សរសិល្ប៍ជាតិយើង ដែលបានបំភ្លេចចោលសូន្យសុងនូវដំណក់ឈាមនៃអ្នកដែលបានបូជាជីវិតជូនជាតិ គួរតែបំផុសរឿងបដិវត្តន៍របស់អ្នកស្នេហាជាតិ ឲ្យបានពិស្ដារឡើងវិញ។

ក្នុងកាលៈទេសៈដ៏លំបាក ដែលខ្មែរយើងត្រូវពង្រឹងមនសិការជាតិឲ្យកាន់តែបានរឹងប៉ឹងជាអតិមរមា ដើម្បីអាយុជីវិតជាតិ ហើយដែលខ្មែរយើងកំពុងលើកដំកើងគំនិតបដិវត្តន៍ស្នេហាជាតិនោះ ក៏គួរតែយើងចេះរួបរួមគ្នា ឬមួយចេះចែកផ្លូវគ្នាដើរ តាមលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់មួយ (La vraie démocratie est de savoir se diviser)។ បើពុំដូច្នោះទេ ការបំផុសមនសិការជាតិ គ្រាន់តែបណ្ដោយឲ្យប្រវត្តិសាស្ត្រថ្មីសើចចំអក ដើម្បីបង្កើតឩណ្ឌកម្មដល់យើងថែមទៀតប៉ុណ្ណោះទេ។ ហើយគំនិតរបស់លោកអាចារ្យ ហែម-ចៀវ ដែលទើបនឹង «រស់» ឡើងវិញនេះក្ដី ក៏នឹងត្រូវសាបសូន្យទៅវិញមិនខាន។

នគរធំ

ចេញថ្ងៃទី៥ កក្កដា ១៩៧២

អាចារ្យ ហែម-ចៀវ

លោកប៊ុណ្ណ-ចន្ទម៉ុល បានធ្វើសម្ភាសន៍ក្នុងទូរទស្សន៍ខ្មែរថ្ងៃទី៧ ខែនេះ អំពីអដ្ឋិធាតុលោកអាចារ្យ ហែម-ចៀវ ដែលលោកបានទៅគាស់យកមកពីកោះត្រឡាច ដើម្បីយកមកធ្វើបុណ្យជាផ្លូវការនៅថ្ងៃមុខ។ លោកពន្យល់ឲ្យយើងរាល់គ្នាគិតឃើញថា ទោះលោកស្លាប់ទៅជាង៣០ឆ្នាំហើយ គង់តែជាតិមិនភ្លេចគុណលោកអាចារ្យ ហែម-ចៀវ ដែលលោកបានធ្វើចំពោះជាតិ។

តាមលោកប៊ុណ្ណ-ចន្ទម៉ុល ហើយតាមយើងបានដឹងឮខ្លុះៗមក លោកអាចារ្យ ហែម-ចៀវ ច្បាស់ជាអ្នកភ្ញាក់រលឹកទីមួយចំពោះវាសនាជាតិមែន។ យើងជាពលរដ្ឋសាធារណរដ្ឋខ្មែរមានចិត្តជាខ្មែរទាំងអស់គ្នា គួរចាំឲ្យច្បាស់នូវពាក្យលោកប៊ុណ្ណ-ចន្ទម៉ុល ដែលលោកបានរំលឹកថា ស្រុកណាក៏ដោយ គេតែងមានមនុស្សជាគំរូ ដែលត្រូវយកឆាយាល័ក្ខណ៍មកទុកផ្ទុះ ជាគ្រឿងសក្ការបូជា។

នៅស្រុកក្លិង្គគេទុក គន្លី ជាមនុស្សទី១ ដែលពលរដ្ឋគេមានរូបទុកជាវត្ថុសក្ការបូជាគ្រប់ៗគ្នា គេយកនារីម្នាក់គឺនាង សានដាក់ ដែលរាស្ត្រនៅស្រុកបារាំង គេទទួលស្ដាល់ជាព្រះមួយរូបដែរ (Sainte Jeanne d'Arc)។ នៅស្រុកឯទៀតក៏មានមនុស្សដែលស្លាប់ទៅយូរហើយ ដែលរដ្ឋគេមិនភ្លេចសងគុណឡើយ។

តែយើងគួរកត់សំគាល់ថា មនុស្សដែលគេគួរគោរព គឺច្រើនតែមនុស្សស្លាប់យូរទៅហើយៗ ដែលគ្មាននរណាអាចប្រកែកបានថាមិនមែនជាអ្នកស្នេហាជាតិឡើយ។

ស្ដេចសីហនុបានបើកឆាកមុនគេឲ្យគេគោរពទាំងអស់ យើងបានឃើញហើយថា ការគោរពនេះបានធ្វើទៅក្នុងការបង្ខិតបង្ខំ ហើយដែលស្ដេចនេះដើរខុសផ្លូវ យកសត្រូវធ្វើជាមិត្ត យកមិត្តធ្វើជាសត្រូវ យើងរាល់គ្នាមិនត្រឹមតែលែងគោរព យើងបានទាំងកាត់ទោសស្ដេចនេះ ថាជាស្ដេចក្បត់ជាតិ ត្រូវមានទោសប្រហារជីវិតផង។

ស.ស.

ស្រង់ចេញពីដារពត៌មានសង្គ្រោះជាតិ

ថ្ងៃទី១០ កក្កដា ១៩៧២

អត្ថបទទាំងពីរខាងលើនេះសឲ្យឃើញថា ព្រះអាចារ្យ ហែម-ចៀវ មិនមែនជាមនុស្សធម្មតាទេ គឺលោកពិតជាបានបំពេញមហាពលិកម្មដ៏ប្រសើរ ជូនជាតិ សាសនា ដ៏ឥតប្រកែកបានឡើយ។ យើងមានការសោកស្តាយណាស់ ដោយមិនបានចុះអត្ថបទសំខាន់ៗនៃសារពត៌មានដទៃទៀត ព្រោះកុំឲ្យក្រាស់ពេក។

ប្រកាសនីយប័ត្រ រដ្ឋបុរសជាតិ

បានឃើញ សេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រី សម័យប្រជុំនាថ្ងៃទី២២ មីនា គ.ស.១៩៧២ ស្តីពីការទទួលស្គាល់ និងការផ្ទេរធាតុលោកអាចារ្យ ហែម-ចៀវ មកពីកោះត្រឡាច,

បានឃើញ សេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រី សម័យប្រជុំនាថ្ងៃទី១៤ កក្កដា គ.ស.១៩៧២ តម្កល់តម្កើងឋានៈលោកអាចារ្យ ហែម-ចៀវ ជារដ្ឋបុរសជាតិ ក្នុងបច្ឆាមរណៈ,

ប្រធានាធិបតី នៃ សាធារណរដ្ឋខ្មែរ

ប្រកាសថា

បានទទួលស្គាល់នូវអំពើល្អទាំងឡាយ របស់លោកគ្រូអាចារ្យ ហែម-ចៀវ ដែលបានធ្វើជូនប្រជាជាតិខ្មែរ គឺសកម្មភាពមុះមុតអង់អាច កាលពីរវាងគ.ស.១៩៤២ ដើម្បីដាស់សតិកូនខ្មែរឲ្យប្រឆាំង និងរើបម្រើចេញពីនឹមអាណានិគមនិយមបរទេស។

ប្រជាជាតិខ្មែរ សូមតម្កល់លោកគ្រូអាចារ្យ ហែម-ចៀវ ទុកជារដ្ឋបុរសជាតិ និងជាគំរូដ៏ឧត្តម សម្រាប់កុលបុត្តខ្មែរទូទៅ។

ធ្វើនៅភ្នំពេញ, ថ្ងៃទី២០ កក្កដា គ.ស.១៩៧២

សេនាប្រមុខ

លន់-នល់

ស្រណោះអាចារ្យ ហែម-ចៀវ

និពន្ធដោយសិស្ស ពៅ-សុទ្ធី

«ជូនដល់អ្នកស្នេហាជាតិខ្មែរគ្រប់រូប»

ផ្ដើម សម្លេងកប៉ាល់ទូន! ទូន!...

១- សម្រែកនាវាលាកំពង់ផែ ទៅមុខឥតបែរដឹកនាំជនខ្មែរអ្នកស្នេហាជាតិ

សែនចុកឈាមណាស់ ឱរាចង្អៀត លាអស់ផៅញាតិ ឃ្លាតទាំងសាសនា។

២- មុខគួរសង្វេគក្រោមមេឃបណ្ឌិតប្រាក់ ដៃជាប់ច្រវ៉ាក់ជើងប្រឹងទធាក់សែនវេទនា

ខំផ្ចង់អញ្ចលីស្រដីឡើងថា ឲ្យជាតិខេមរា នាំគ្នាភ្ញាក់ឡើង។

បន្ទរ- ឱ! សំដីចុងក្រោយដង្ហោយហៅខ្មែរ សូមជួយកែប្រែជាតិឲ្យថ្កើង

ធ្វើម្ដេចរូបលោកបានជាជ្រុលជើង ទុកឲ្យរូបយើងសោកស្ដាយគ្រប់គ្នា។

៣- ហែម-ចៀវ កំសត់ព្រាត់រូបបាត់ទៅ តែកេរ្តិ៍ឈ្មោះនៅរន្ទឺក្រអូបពេញលោក

រដ្ឋបុរសនៃជាតិខេមរា បូជាកាយាជូនប្រទេសជាតិ។

ចម្រៀងនេះមិត្តសិល្បករណាក៏អាចយកទៅច្រៀងបានដែរ

ឲ្យតែរក្សាឈ្មោះអ្នកតែង។

Top comments (0)