loading...
Cover image for អ្វីទៅជា Imposter Syndrome?

អ្វីទៅជា Imposter Syndrome?

davychhouk profile image Davy CHHOUK Updated on ・1 min read

ហេឡូវើរ៍ល! ថ្ងៃនេះចាត់ទុកថាថ្ងៃល្អ! ហើយក៏ដល់ពេលដែរដែលញុំគួរតែត្រលប់មកធ្វើអ្វីដែលគិតថាការរឿងល្អធ្វើហើយសប្បាយចិត្ត។ ថ្ងៃនេះខ្ញុំមិនសរសេរពីកូដ ឫបច្ចេកវិទ្យាអីទេ តែសុំនិយាយពីរឿងចិត្តវិទ្យាវិញដែលញុំគិតថាបញ្ហាមួយនេះពាក់ព័ន្ធនឹងគ្នាយើងដែលជាដែលធ្វើការទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានច្រើន។ ប្រធានបទថ្ងៃនេះគឺជំងឺមួយដែលគេហៅថា Imposter Syndrome ឫយើងអាចប្រែជាខ្មែរថា ជំងឺមនុស្សក្លែងខ្លួន

ខ្ញុំ ធៀបនឹង អ្នកផ្សេង

អ្វីទៅជា Imposter Syndrome?

Imposter Syndrome ជាជំងឺមួយដែលមានអាការៈដូចជា មានអារម្មណ៍ថាខ្លួនឯងមិនមានសមត្ថភាពគ្រប់គ្រាន់ មានការភ័យខ្លាចថាយើងមិនចេះ ហើយខ្លាចគេដឹងថាយើងមិនខ្លាំងដូចដែលយើងគួរតែ។ បើនិយាយទៅគឺយើងនៅមិនទាន់មានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ ហើយតែងតែមានអារម្មណ៍ថាខ្លួនឯងនៅខ្វះខាតច្រើនបើធៀបនឹងអ្នកនៅជុំវិញខ្លួន។

អ្នកដែលមានជំងឺនេះ ភាគច្រើនមានអារម្មណ៍ថាខ្លួួនឯងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការងាររបស់ខ្លួនទាំងដែលការងារកន្លងមកបានបញ្ជាក់ហើយថាបំពេញបានយ៉ាងល្អ។ អ្នកមានជំងឺនេះតែងតែនៅសង្ស័យ ឫនៅមិនទទួលស្គាល់ពីសមិទ្ធិផលដែលសម្រេចបានកន្លងមក ឫភាពឆ្លាតវៃរបស់គេនៅឡើយ។ គេនៅតែមានអារម្មណ៍ដិតដាមនឹងភាពអសមត្ថភាព ឫក៏កំហុសឆ្គងរបស់គេច្រើន។ ហើយនៅតែយល់ថាភាពជោគជ័យកន្លងមកបានមកពីកត្តាសំណាង ឫមានអ្នកជួយច្រើនជាងដោយមិនព្រមទទួលស្គាល់ថា​វាបានមកពីការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់ខ្លួនឯងនោះទេ។

ជំងឺនេះអាចបណ្ដាលឲ្យអ្នកជំងឺមានអារម្មណ៍មិនសូវល្អ បាក់ទឹកចិត្ត ឫអស់កម្លាំងកាយកម្លាំងចិត្តសោះកក្រោះបាន។ អ្នកជំងឺអាចមានអារម្មណ៍មិនចង់ធ្វើអ្វីទាំងអស់ ហើយពិបាកខ្លាំងក្នុងការសម្រេចគោលដៅដែលបានដាក់មក។

ហេតុអ្វីអ្នកធ្វើការទាក់ទងនឹងបច្ចេកវិទ្យាងាយនឹងរងគ្រោះដោយជំងឺនេះ?

សម្រាប់អ្នកធ្វើការជាមួយបច្ចេកវិទ្យាវិញតួយ៉ាងឌីវែលឡូពើរ៍ ឫប្រូក្រាមើរ៍ងាយនឹងរងគ្រោះដោយសារជំងឺនេះ។ ហេតុអ្វីទៅ? នេះក៏ដោយសារតែបច្ចេកវិទ្យាផ្លាស់ប្ដូរលឿនខ្លាំងណាស់។ ក្នុងរយះពេលដ៏ខ្លីបំផុត អ្វីដែលយើងដឹងអាចនឹងហួសកំណត់បាត់ទៅហើយ ឫក៏មានវិធីល្អជាងនឹងដែលគេគ្រប់គ្នាប្រើបាត់ទៅហើយ ហើយក្នុងវិធីធ្វើអ្វីមួយវិញវាមានវិធីជាច្រើនក្នុងការដោះស្រាយបញ្ហានោះបានដូចគ្នា។ ដូចច្នេះហើយវាមិនអាចទៅរួចទេដែលយើងចេះដឹងគ្រប់យ៉ាងនោះ។ ដោយហេតុអ៊ីចឹងហើយបានជាអ្នកធ្វើការក្នុងវិស័យនេះងាយនឹងរងគ្រោះនឹងជំងឺមនុស្សក្លែងខ្លននេះណាស់នឹងឯង។

ខ្ញុំកើតជំងឺនេះទេដឹង?

បើនិយាយអ៊ីចឹង ចុះញុំវិញអាចកើតជំងឺនេះទេ? អាចដែរ! ប្រសិនបើអ្នកទាំងអស់គ្នាតែងតែមានអារម្មណ៍ដូចខាងក្រោម៖

  • បារម្មណ៍ថាមិនអាចសម្រេចបានដូចដែលមនុស្សជុំវិញខ្លួនមានសង្ឃឹមលើអ្នក
  • គេចពីការងារបន្ថែម ឫទំនួលខុសត្រូវដែលមិនមែនជារបស់ខ្លូួន
  • យល់ថាសមិទ្ធិផលក្នុងមកបានដោយកត្តាខាងក្រៅច្រើនជាងដូចជាសំណាង ជំនួយអ្នកផ្សេងជាដើម
  • មិនសូវមានទំនុកចិត្តលើខ្លូនឯងដោយខ្លាចទទួលបរាជ័យ
  • មិនសូវសប្បាយចិត្តនឹងការងារ ឫអ្វីដែលខ្លួនឯងកំពុងធ្វើ
  • មិនសូវហ៊ានធ្វើអ្វីដែលខ្លួនមិនទាន់ស្ទាត់ជំនាញដោយខ្លាចអ្នកដ៏ទៃដឹងថាយើងមិនចេះ

បើខ្លួនឯងចូលច្រើនក្នុងករណីខាងលើនេះ អ្នកអាចនឹងមានជំងឺនេះហើយ។ ថាហើយយ៉ាងម៉េចទៀតបើញុំមានជំងឺនេះ? មិនយ៉ាងម៉េចទេ មិនទាន់ស្លាប់ទេជិតៗប៉ុណ្ណោះ ហាហា! យើងត្រូវព្យាបាលនឹងឯង!

ដំណោះស្រាយ

ចុះត្រូវធ្វើយ៉ាងម៉េចហើយខ្ញុំកើតជំងឺនេះមែន? ខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាទៅជួបអ្នកជំនាញ ឫគ្រូពេទ្យចិត្តវិទ្យាដើម្បីទទួលបានការព្យាបាលដែលត្រឹមត្រូវប្រសិនបើវាមានសភាពធ្ងន់ធ្ងរ។ បើមិនអ៊ីចឹងទេ អ្នកទាំងអស់គ្នាអាចសាកវិធីងាយៗខាងក្រោមនេះបាន៖

  • ទទួលស្គាល់ការពិត ហើយហ៊ាននិយាយពីវា
  • ទទួលស្គាល់សមត្ថភាពខ្លួនឯង
  • កត់ត្រាសមិទ្ធផលដែលសម្រេចបានកន្លងមក
  • ត្រូវទទួលស្គាល់ថាយើងមិនអាចដឹង និងចេះបានរឿងគ្រប់យ៉ាងនោះទេ
  • ផ្លាស់ប្ដូរការគិតរបស់អ្នកពីការគិតបែបអវិជ្ជមានទៅជាវិជ្ជមានវិញ
  • ត្រូវប្រកាន់យកផ្នត់គំនិតថាយើងត្រូវរៀនរហូត បើកទូលាយសម្រាប់ចំនេះដឹងថ្មី ការគិតបែបថ្មី និងអ្វីដែលថ្មីៗជានិច្ច

ត្រូវហើយខាងលើនេះជាអ្វីដែលយើងអាចធ្វើបាន តែវាមិនងាយស្រួលប៉ុន្មានទេក្នុងការផ្លាស់ប្ដូរផ្នត់គំនិតនោះ។ តែចុងបញ្ចប់ទៅវាជៀសមិនរួចទេដែលយើងត្រូវតែដោះស្រាយបញ្ហាពិតប្រាកដរបស់ខ្លួនយើង។ ជាពិសេសទៅទៀតនោះ បើអ្នកជាឌីវែឡូពើរទៀត ជៀសមិនផុតទេដែលអ្នកទាំងអស់គ្នាត្រូវរៀនបន្តរហូត អ្នកត្រូវសុខចិត្តរៀនអ្នីដែលចេញមកថ្មីៗ ភាសាប្រូក្រាមីងថ្មីៗ បច្ចេកវិទ្យាថ្មីៗ។ ត្រូវចាំថាយើងជាឌីវែឡូពើរ ហើយអាចធ្វើបាន!

Sources:
0 - https://hbr.org/2008/05/overcoming-imposter-syndrome
1 - https://en.wikipedia.org/wiki/Impostor_syndrome
2 - https://youtu.be/ZQUxL4Jm1Lo
3 - https://www.parkersoftware.com/blog/developer-impostor-syndrome-why-you-feel-like-a-fake
4 - https://medium.com/@rajeefmk/why-does-software-developers-suffer-from-imposter-syndrome-ccf961d0c29a
5 - https://www.medicalnewstoday.com/articles/321730.php#overcoming-imposter-syndrome

Posted on by:

Discussion

pic
Editor guide